មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយ នៅថ្ងៃពុធនេះថា ក្រុងតេអេរ៉ង់ នឹងមិនបោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនឡើយ ដោយបដិសេធការទាមទារសំខាន់ៗរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងដោះស្រាយជម្លោះនុយក្លេអ៊ែរដ៏យូរទស្សវត្ស ដែលលោក ថា ប្រឆាំងនឹងផលប្រយោជន៍របស់សាធារណរដ្ឋអ៊ីស្លាម។

សំណើរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ត្រូវបានបង្ហាញដល់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ដោយប្រទេសអូម៉ង់ដែលសម្របសម្រួលកិច្ចចរចារវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi និងបេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតី លោក Donald Trump គឺលោក Steve Witkoff ។
បន្ទាប់ពីកិច្ចចរចាជុំទី ៥ រួចមក បញ្ហាលំបាកនៅតែមាន រួមទាំងការទទូចរបស់អ៊ីរ៉ង់ លើការរក្សាការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការបដិសេធរបស់ទីក្រុងតេអេរ៉ង់ ក្នុងការដឹកជញ្ជូនទៅក្រៅប្រទេសនូវឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដែលមានស្រាប់ទាំងស្រុង ដែលជាវត្ថុធាតុដើមដែលអាចមានសម្រាប់គ្រាប់បែកនុយក្លេអ៊ែរ។
ទន្ទឹមនោះ លោក Khamenei បានលើកឡើង នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមគឺជាគន្លឹះនៃកម្មវិធីនុយក្លេអ៊ែររបស់យើង ហើយសត្រូវកំពុងផ្តោតទៅដំណើរការវា ។
លោក បន្តថា សំណើរបស់សហរដ្ឋអាមេរិក ផ្ទុយពីជំនឿរបស់ប្រជាជាតិយើងក្នុងការពឹងផ្អែកលើខ្លួនឯង និងគោលការណ៍ «យើងអាចធ្វើបាន»។
លោក បានបន្ថែមថា មេដឹកនាំដ៏ឈ្លាសវៃ និងក្រអឺតក្រទមរបស់អាមេរិក ទាមទារម្តងហើយម្តងទៀតថា យើងមិនគួរមានកម្មវិធីនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា ក្រុងតេអេរ៉ង់ អះអាងថា ខ្លួនចង់ធ្វើជាម្ចាស់លើបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិវិធី ហើយបដិសេធជាយូរមកហើយនូវការចោទប្រកាន់របស់មហាអំណាចលោកខាងលិចដែលថាខ្លួនកំពុងស្វែងរកការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ៕

ដោយ៖ ពេជ្រ