ប្រជាពលរដ្ឋនៅស្រុកលើកដែកបានប្រតិកម្មពាក់ព័ន្ធនឹងការផ្សាយព័ត៌មានរឿងពួកគាត់សាងសង់លំនៅឋាន

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកដាច់ និងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល កំពុងមានប្រតិកម្មយ៉ាងខ្លាំងចំពោះការផ្សាយព័ត៌មានជុំវិញការសាងសង់លំនៅឋានលើដីចំណីទន្លេមេគង់ក្រោម ។

ការផ្ទុះប្រតិកម្មនេះ ក្រោយពេលគេហទំព័រ និងបណ្តាញសង្គម Tik Tok ដែលមានឈ្មោះថា Admin Tin បានផ្សាយព័ត៌មានពាក់ព័ន្ធការសាងសង់លំនៅឋានលើដីចំណីទន្លេមេគង់ក្រោមកាលពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ ។ ប្រជាពលរដ្ឋបានលើកឡើងថា ការផ្សាយរបស់អង្គភាពសារព័ត៌មាននេះ ពួកគាត់មិនពេញចិត្តទេ ។ ពីព្រោះការផ្សាយនោះ អ្នកសារព័ត៌មានមិនបានសួរនាំពួកគាត់អោយបានច្បាស់ចំពោះសុខទុក្ខការរស់នៅអាស្រ័យផលលើដីចំណីទន្លេអោយបានច្បាស់លាស់ ។ ប្រជាពលរដ្ឋបានបន្ថែមថា នៅក្នុងស្រុកលើកដែក ជាទូទៅប្រជាពលរដ្ឋមានដីលំនៅឋានតាមមាត់ទន្លេតាំងពីឃុំព្រែកទន្លាប់ មកដល់ឃុំព្រែកដាច់ និងឃុំជាច្រើនទៀតរហូតដល់ឃុំក្អមសំណ ជាប់ព្រុំដែនវៀតណាម ក្អមសំណ គឺប្រជាពលរដ្ឋបានអាស្រ័យផល និងសាងសង់លំនៅឋាននៅមាត់ទន្លេទាំងអស់គ្នា ។ ហើយមិនគួរខាងសារព័ត៌មានខាងនេះ បែរជាផ្សាយព័ត៌មានចោទប្រកាន់ធ្វើអោយមហាជនមានការភាន់ច្រឡំ ជាងនេះទៅទៀតសារព័ត៌មានបានផ្សាយខុសការពិត ខុសឈ្មោះម្ចាស់ដី និងប្រើពាក្យពេចន៍គ្មានក្រមសីលធម៌ថែមទៀត ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅស្រុកលើកដែកបានរស់នៅអមសងខាងតាមបណ្តោយផ្លូវលេខ ១៤ ម្ខាងរស់នៅតាមមាត់ទន្លេខាងកើតផ្លូវ ម្ខាងទៀតរស់នៅខាងលិចផ្លូវរហូតដល់ព្រុំដែនក្អមសំណ ។ ប្រជាពលរដ្ឋខ្លះបានបាត់បង់ផ្ទះសំបែងដោយសារគ្រោះធម្មជាតិបាក់ច្រាំងទន្លេ ប៉ុន្តែបានអាជ្ញាធរជួយដោះស្រាយចែកដីអោយពួកគាត់ធ្វើផ្ទះជ្រកកោន ។ ចំណែកផ្ទះប្រជាពលរដ្ឋខ្លះទៀតដែលពួកគាត់មានលទ្ធភាពសាងសង់ច្រាំងទន្លេការពារទឹកហូរច្រោះមិនអោយមានការបាក់ដី ពួកគាត់បានរស់រហូតដល់សព្វថ្ងៃ ។ ចំណែកច្រាំងទន្លេកន្លែងខ្លះដែលគ្មានផ្ទះប្រជាពលរដ្ឋរស់នៅ បានបាក់ដីច្រាំងរាលដល់បាក់ដាច់ផ្លូវលេខ ១៤ ទៀតផង ។ ដោយឡែកកាលពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២៥ អាជ្ញាធរស្រុកលើកដែក ក៏បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធការផ្សារព័ត៌មានមិនពិតនេះផងដែរ ។ នៅក្នុងសេចក្តីប្រកាសនោះ អាជ្ញាធរស្រុកលើកដែកបានបញ្ជាក់ថាការចុះផ្សាយរបស់គេហទំព័រ និងបណ្តាញសង្គម TikTok ដែលមានឈ្មោះថា Admin Tin កាលពីព្រឹកថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥ មានចំណងជើងថា”លោកមេឃុំ១រូបមិនដឹងមានអំណាចចុះមកពីឋាន ណានោះទេបានសង់ផ្ទះលំហែរំលោភលើច្រាំងទន្លេ ហើយគំរាមរកប្តឹងអ្នកព័ត៌មានបើសិនហ៊ានចុះផ្សាយ”។

បន្ទាប់ពីទទួលបានព័ត៌មានដូចខ្លឹមសារខាងលើ រដ្ឋបាលស្រុកបានចាត់តាំងក្រុមការងារជំនាញថ្នាក់ស្រុក ចុះសហការជាមួយអាជ្ញាធរឃុំ ចុះពិនិត្យទីតាំងផ្ទាល់ជាក់ស្តែង ក្នុងនោះក្រុមការងារបានសង្កេតឃើញថាទីតាំងដីនេះពិតជាមានក្រុមជាងកំពុងធ្វើសកម្មភាពលាយបេតុងចាក់ក្រវ៉ាត់ធ្នឹមរបងតាមព្រំដី ដើម្បីការពារមិនឲ្យហូរច្រោះ ដែលមានទំហំទទឹងក្បាលដី ២៣,៥ ម៉ែត្រ និងបណ្តោយ ២០ ម៉ែត្រ មានព្រំប្រទល់ ខាងជើងទល់ឈ្មោះ ងួន លីដា ខាងត្បូងទល់ឈ្មោះ ម៉ាប់ រដ្ឋា ខាងកើតទល់ទន្លេ ខាងលិចទល់ ផ្លូវជាតិលេខ១៤ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ពិតមែន,ប៉ុន្តែសម្រាប់រូបភាពដែលគេហទំព័រនេះបានយកមកចុះផ្សាយភ្ជាប់ជាមួយនិងខ្លឹមសាររបស់ខ្លួន គឺជារូបភាពទីតាំងដីរបស់ប្រជាពលរដ្ឋឈ្មោះ កែ ម៉ូលី និងឈ្មោះ ឈន សោភ័ណ្ឌ កំពុងធ្វើរបងការពារដីកុំឲ្យហូរច្រោះទៅអ្នកជាប់ព្រំ និងការពារកុំអោយបាក់ច្រាំងទន្លេ ចំពោះខ្លឹមសារនៃការចុះផ្សាយខាងលើ ថាជាសំណង់របស់លោកមេឃុំសង់ផ្ទះ សម្រាប់ស្នាក់នៅលំហែពេលទំនេរពីការងារ នោះមិនពិតនោះឡើយ ។ ចំពោះការដ្ឋានសំណង់ខាងលើនេះ អាជ្ញាធរមិនមានសិទ្ធិចេញលិខិតអនុញាតឲ្យសាងសង់សំណង់អ្វីឡើយដោយមូលហេតុទីតាំងដីជាក់ស្ដែងពាក់ព័ន្ធ ទៅនឹងចំណីផ្លូវ-ទន្លេ។

អាជ្ញាធរស្រុកបានបញ្ជាក់ថា ទីតាំងភូមិសាស្ត្រក្នុងស្រុកលើកដែក ស្ទើរតែ៧០%នៃប្រជាពលរដ្ឋកំពុងរស់នៅតាមបណ្ដោយផ្លូវជាតិលេខ១៤ ជួរខាងជាប់ទន្លេមេគង្គរាប់ឆ្នាំមកហើយសុទ្ធសឹងជា ប្រភេទដីអាស្រ័យផល និងពាក់ព័ន្ធនឹងចំណីផ្លូវ-ទន្លេ ជាពិសេសរងនូវហានិភ័យ នៃការបាក់ច្រាំងទន្លេនារដូវទឹកដំឡើង ,ដូច្នេះហើយទើបប្រជាពលរដ្ឋមានការព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋដែលមានលទ្ធភាពក៏រៀបធ្វើជាធ្នឹមរបងដើម្បីការពារការហូរច្រោះដីប៉ុណ្ណោះ ពុំមានចេតនារំលោភបំពានដីចំណីទន្លេនោះទេ, ទន្ទឹមនោះផងដែរ ក្រសួង-មន្ទីរពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន ជានិច្ចកាលតែងណែនាំលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋឱ្យធ្វើការដាក់ពាក្យស្នើសុំសាងសង់ ការទប់ច្រាំងទន្លេ និងអាស្រ័យផលផងដែរ ។

ការចុះផ្សាយរបស់គេហទំព័រនិងបណ្ដាញសង្គម TikTok ដែលមានឈ្មោះថា Admin Tin ខាងលើ គឺជាការចុះផ្សាយដែលគ្មានវិជ្ជាជីវៈ និងបានប្រមាទមើលងាយ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ជាចេតនាញុះញ៉ុង អោយប្រជាពលរដ្ឋអស់ជំនឿលើការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន។

អាជ្ញាធរស្រុកលើកដែកបានធ្វើការស្នើសុំដល់ ថ្នាក់ដឹកនាំនៃក្រសួងព័ត៍មាន មេត្តាពិនិត្យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះម្ចាស់គេហទំព័រ និងអ្នកសារព័ត៌មានមួយចំនួនតូច ដែលចុះផ្សាយព័ត៌មានមិនពិតប្រើពាក្យសម្ដីអសុរស គ្មានក្រមសីលធម៌ ក្នុងន័យបង្កាច់បង្អួចកិត្តិយសរបស់អ្នកដទៃ និងសូមសំណូមពរដល់សាធារណៈជន ដែលនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាបញ្ឈប់រាល់ការចែករំលែកនូវ ព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ និងស្នើឲ្យគេហទំព័រ និងបណ្ដាញសង្គម TikTok ដែលមានឈ្មោះAdmin Tin លុបចោលនូវការចុះផ្សាយព័ត៌មានមិនពិតខាងលើចេញពីគេហទំព័ររបស់ខ្លួន និង ធ្វើ លិខិតសុំទោសជាសាធារណៈជុំវិញករណីនេះ ក្នុងករណីមិនអនុវត្ត អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ៕

Written by 

Related posts

Leave a Comment