គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៩៣% ហើយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាប្រធានក្រុមការងារបច្ចេកទេសគម្រោង និង ឯកឧត្តម ចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងជាប្រធានចាត់ចែងគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) ដែលអនុវត្តដោយក្រុមហ៊ុនសាងសង់ PHNOM PENH PRECAST PLANTS CO., LTD និង T.C.M. ENGINEERING COMPANY LTD ដោយមានការចូលរួមពី លោកអគ្គនាយកមន្ទីរពិសោធន៍សំណង់ និងសាធារណការ លោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ព្រមទាំងក្រុមការងាររបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ផងដែរ។

ការចុះត្រួតពិនិត្យនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពលើដំណើរការអនុវត្តការងារទាំងទិដ្ឋភាពជារួម និងផ្នែកបច្ចេកទេស ក៏ដូចជាប្រសិទ្ធភាពនៃប្រព័ន្ធ និងពិភាក្សាលើចំណុចបច្ចេកទេសដែលគួរកែសម្រួល ព្រមទាំងពិនិត្យលើភាពអសកម្មមួយចំនួនរួមមានផលប៉ះពាល់ជាដើម។

តាមរយៈគម្រោងខាងលើ នឹងចូលរួមកាត់បន្ថយ និងបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង) ដោយបង្វែរទឹកភ្លៀងដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ ទៅកាន់ស្ទឹងព្រែកត្នោត។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គនាយក ទាំងពីរ បានថ្លែងអំណរគុណដល់សមាជិកក្រុមការងារ មន្ត្រីបច្ចេកទេស ក្រុមហ៊ុនសាងសង់ ដែលបានយកចិត្តទុកដាក់អនុវត្តគម្រោងប្រកបដោយគុណភាព និងលឿនរហ័សទាន់ពេលវេលា និងស្នើឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតទៅលើពេលវេលានៃការអនុវត្តគម្រោង ហើយអាចបញ្ចប់ការងារទៅតាមពេលវេលាដែលបានគ្រោងទុក។

សូមបញ្ជាក់ផងដែរថា គម្រោងនេះ បានបើកការដ្ឋាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក បើគិតមកដល់ពេលបច្ចុប្បន្ន គម្រោងនេះសម្រេចលទ្ធផលបានជារួមប្រមាណ ៩៣% ហើយគ្រោងនឹងបញ្ចប់ការងារនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕

Written by 

Related posts

Leave a Comment