នៅវេលាម៉ោង២៖០០នាទីយប់នេះ ក្រុមអ៊ីតាលី Inter Milan នឹងត្រូវតតាំងជាមួយក្រុមខ្លាំងមកពីបារាំង Paris Saint Germain ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ ដូច្នេះយើងរង់ចាំមើលទាំងអស់គ្នាថាតើ Inter ឬ PSG ក្លាយជាម្ចាស់ជើងឯក។
មុនការប៉ះគ្នាដណ្តើមពានរង្វាន់ក្លិបកំពូលទ្វីបអឺរ៉ុប Inter Milan ក៏បានជួបរឿងខកចិត្តដោយបានរបូតពានរង្វាន់លីគកំពូល Serie A ទៅកាន់ដៃគូប្រជែង SSC Napoli ទោះខ្លួនព្យាយាមប្រជែង ទាំងប្រផិតប្រផើយយ៉ាងណាក៏ដោយ។ របូតពានក្នុងស្រុក នឹងអាចធ្វើឱ្យក្រុម Inter Milan ម្ចាស់ជើងឯក UCL ៣សម័យ បន្តស្រេកឃ្លានជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រលើកនេះ។
ចំណែក Paris Saint Germain វិញ ពួកគេដណ្តើមបានពានរង្វាន់លីគកំពូលបារាំង Ligue 1 ព្រមទាំងពានរង្វាន់កម្រិតទី២ French Cup ដើម្បីបង្កើនកម្លាំងចិត្តតទល់ជើងខ្លាំងមកពីអ៊ីតាលី ដែលការប្រកួតត្រៀមធ្វើឡើងនៅក្នុងកីឡដ្ឋាន Allianz Arena របស់ក្រុម Bayern Munich៕
