រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បាននិយាយថា អ៊ីរ៉ង់ នៅមិនទាន់ឃើញសញ្ញាណនៃការបញ្ចប់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដែលនឹងដោះស្រាយភាពខុសគ្នាជុំវិញកម្មវិធីនុយក្លេអ៊ែរ នៅឡើយទេ។

លោក Araghchi បានសរសេរនៅលើ X ថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន កំពុងច្រឡំ និងចុះផ្សាយមិនពិតថាកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក ខិតជិតបញ្ចប់ហើយ។
រដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា អ៊ីរ៉ង់ មានភាពស្មោះត្រង់ចំពោះដំណោះស្រាយការទូតដែលនឹងបម្រើផលប្រយោជន៍របស់ភាគីទាំងអស់។ ប៉ុន្តែផ្លូវទៅរកកិច្ចព្រមព្រៀងគឺត្រូវឆ្លងកាត់តុចរចាមិនមែនលើប្រព័ន្ធផ្សព្វផ្សាយទេ។
ទន្ទឹមនោះ CNN ក៏បានរាយការណ៍ថា ក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ អាចធ្វើកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែរនេះ នាពេលខាងមុខ។
គួរបញ្ជាក់ថា អ៊ីរ៉ង់ និងអាមេរិក បានបើកកិច្ចចរចាជុំទី ៥ នៃការសម្រុះសម្រួលដោយអូម៉ង់នៅទីក្រុងរ៉ូម កាលពីថ្ងៃទី ២៣ ខែឧសភា ដើម្បីដោះស្រាយវិបត្តិជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអូម៉ានី លោក Badr al-Busaidi បាននិយាយថា ការសម្រេចជាក់លាក់ ប៉ុន្តែមិនមែនជាវឌ្ឍនភាពចុងក្រោយនោះទេ។ យោងតាមសមភាគីអ៊ីរ៉ង់លោក Abbas Araghchi ទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន សង្ឃឹមថានឹងសម្រេចបានលទ្ធផលវិជ្ជមាន នៅក្នុងកិច្ចប្រជុំ៕

ដោយ៖ ពេជ្រ