អភិបាលរងខេត្តប៉ៃលិនខេត្តប៉ៃលិន លោក គោស៊ុ ប៊ុនសឿត បានថ្លែងថា បច្ចុប្បន្នវិស័យធានារ៉ាប់រងកំពុងក្លាយជាសសរស្តម្ភមួយទៀតនៃនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ហើយវិស័យនេះកំពុងជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែកទ្រទ្រង់វិស័យសន្តិសុខសង្គម និងវិស័យជាច្រើនផ្សេងទៀត។ លោកបន្តថា ការធានារ៉ាប់រងអាចផ្តល់នូវស្ថេរភាព និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុពីហានិភ័យនានាដែលអាចកើតមានទ្បើង។ បន្ថែមពីនេះការធានារ៉ាប់រងអាចផ្តល់នូវសន្តិភាពផ្លូវចិត្តដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ព្រមទាំងជួយគាំទ្រ និងជំរុញសកម្មភាពអាជីវកម្ម ក៏ដូចជាការបង្កើនការវិនិយោគក្នុងសេដ្ឋកិច្ចផងដែរ។

លោកអភិបាលរងខេត្តបានថ្លែងបែបនោះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីផលិតផលធានារ៉ាប់រងទូទៅ ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តប៉ៃលិន។ សិក្ខាសាលានេះមានការចូលរួមពីលោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា រួមទាំងសិក្ខាកាមជាច្រើនរូបទៀត។
លោក គោស៊ុ ប៊ុនសឿត បានលើកទ្បើងដែរថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ ដំណើរការអភិវឌ្ឍន៍នៃខេត្តប៉ៃលិន ក៏ដូចជាខេត្តដទៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការរីកចំរើនគ្រប់វិស័យ ដែលនេះកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធ-សាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្ដផ្ដោតជាសំខាន់លើរបៀបវារៈធានា “ប្រសិទ្ធភាពសមិទ្ធកម្ម” តាមរយៈការអនុវត្តអភិក្រម “ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់” និង អភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

លោកបន្តថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ ៥ គឺ “មនុស្ស, ផ្លូវ, ទឹក,ភ្លើង និងបច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តន៍កម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាព សេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសនេះលោកអភិបាលរងខេត្តក៏បានរាយការណ៍ជូនសិក្ខាសាលានូវទីតាំងភូមិសាស្ត្រ និងបច្ចុប្បន្នភាព រួមទាំងសក្តានុពលវិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ខេត្តប៉ៃលិនងដែរ។

លោកក៏បានបង្ហាញនូវក្តីរំពឹងថា សិក្ខាសាលាថ្ងៃនេះ នឹងផ្តល់នូវចំណេះដឹង និងព័ត៌មានពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង ជាពិសេសផលិតផលធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងយានយន្ដ ដែលជាផលិតផលចាំបាច់ និងមានតម្រូវការប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ លោកសូមលើកទឹកចិត្តសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ និងចូលរួមប្រកបដោយស្មារតីស្ថាបនាខ្ពស់ ដើម្បីទាញយកនូវពុទ្ធិថ្មីៗពីការផ្លាស់ប្តូរមតិយោបល់ជាមួយនឹងវាគ្មិនជំនាញ និងអង្គសិក្ខាសាលាទាំងមូល៕



