លោកស្នងការនគរបាលខេត្តរតនគិរី៖ កម្លាំងនគរបាលត្រូវជៀសវាងការល្មើសច្បាប់បើកបរក្នុងស្ថានភាពស្រវឹងបង្កជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍

ខេត្តរតនគិរី៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំបូកសរុបនិងលទ្ធផលកិច្ចប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត។ ចំពោះកិច្ចប្រជុំបានវាយតម្លៃខ្ពស់លេីលទ្ធផលកិច្ចប្រតិបត្តិការកាលពីខែកន្លងទៅ ប្រកបដោយលទ្ធផលល្អប្រសើរ ជាពិសេសលោកឧត្តមសេនីយ៍ទោស្នងការបានកោតសរសើរចំពោះកងកម្លាំងនគរបាលទាំងអស់ ក្នុងប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិបានជាប្រចាំ។

ឆ្លៀតក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ទោស្នងការបានពាំនាំនូវសារសំខាន់ៗរបស់ថ្នាក់ដឹកនាំ នៃអគ្គស្នងការនគរបាលជាតិ ព្រមទាំងការពន្យល់ណែនាំផ្ទាល់បន្ថែមពីលោកឧត្តមសេនីយ៍ទោស្នងការនូវគន្លឹះក្នុងការអនុវត្តទៅដល់កងកម្លាំងនគរបាលគ្រប់ជំនាញ មន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ក្នុងការពង្រឹងលើការងារសំខាន់ៗចំពោះមុខដែលត្រូវប្រតិបត្តិឲ្យបានទាន់ការវិវត្តន៍យ៉ាងឆាប់រហ័សនូវស្ថានភាពសង្គមបច្ចុប្បន្ន ដែលមានចំណុចសំខាន់ៗដូចជា÷។

ការចូលរួមស្ថាបនាកសាងអគារធ្វើការឲ្យបានរឹងមាំដើម្បីសាកសមកិត្តិយសរបស់នគរបាល, ការងារគ្រប់អាវុធជាតិផ្ទុះតាមគ្រប់មូលដ្ឋានឈរជើង, ការងារទប់ស្កាត់គ្រឿងញៀន និងជនបរទេសខុសច្បាប់ហូរចូលតាមច្រកព្រំដែន, ការពង្រឹងនិងកែលម្អរ ស្ថានភាពមន្ត្រីចរាចរណ៍ដែលឈរជើងតាមគោលដៅ, ពង្រឹងការងារដំណើរការវិទ្យុទាក់ទង, ការពង្រឹងកម្លាំងប្រចាំការតាមប៉ុស្តិ៍ និងកម្លាំងវេនប្រចាំបញ្ជារ, ពង្រឹងលើការកសាងសមត្ថភាព និងបន្ថែមលើនេះ លោកឧត្តមសេនីយ៍ទោស្នងការបានផ្តាំផ្ញើរចំពោះកម្លាំងនគរបាលយើងត្រូវជៀសវាងការល្មើសច្បាប់​ បេីកបរក្នុងស្ថានភាពស្រវឹងដែលបង្កបញ្ហាគ្រោះថ្នាក់ដល់អ្នកដទៃនិងនាំទុក្ខដល់ខ្លួនឯង។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការបានជូនពរដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ប្រកបដោយសុខភាពល្អមាំមួន ដើម្បីបន្តកិច្ចការបំរើជាតិមាតុភូមិ និងធានាបានការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕

Written by 

Related posts

Leave a Comment