ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី (KBRI) ប្រចាំរាជធានីភ្នំពេញ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងការផ្សព្វផ្សាយដ៏ធំមួយនៅកម្ពុជាជាថ្មីម្តងទៀតពីប្រទេសឥណ្ឌូណេស៊ី ក្រោមខ្លឹមសារ៖សួរស្តី ឥណ្ឌូណេស៊ីឆ្នាំ២០២៥(Sousdey Indonesia 2025)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ព្រឹត្តិការណ៍នេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅសាលអគារ K–L ណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សួស្តីឥណ្ឌូណេស៊ី មានគោលបំណងបង្កើនភាពជាដៃគូរវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា។ ព្រឹត្តិការណ៍នៅឆ្នាំនេះនឹងធ្វើតាមលំអាន សួស្តីឥណ្ឌូណេស៊ី ឆ្នាំ ២០២៤ កន្លងទៅ ដែលធ្លាប់ទទួលជោគជ័យក្នុងការទាក់ទាញអ្នកទស្សនាជាង ៤០០០ នាក់ក្នុងរយៈពេលពីរថ្ងៃកាលពីថ្ងៃទី ១៤-១៥ ខែកញ្ញា ឆ្នាំ ២០២៤។

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌូណេស៊ី និងកម្ពុជា បន្តបង្ហាញនិន្នាការវិជ្ជមាន ដោយឈានដល់ជាង ១ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា។ Sousdey Indonesia 2025 ត្រូវបានរំពឹងថានឹងអាចបើកឱកាសកាន់តែច្រើនសម្រាប់ភាពជាដៃគូពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជាសម្រាប់ការគាំទ្ររបស់ខ្លួនក្នុងប៉ុន្មានឆ្នាំមកនេះ ដែលបាននាំឆ្ពោះទៅរកគំនិតផ្តួចផ្តើមរបស់ស្ថានទូតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឥណ្ឌូណេស៊ី-កម្ពុជា។ លោកអះអាងថា Sousdey Indonesia 2025 នឹងមានតំណាងក្រុមហ៊ុន និងអាជីវកសរុបចំនួន ៥៣ នាក់ ដែលក្នុងនោះមាន២៩ នាក់តំណាងមកពីប្រទេសឥណ្ឌូណេស៊ី និង២៤ នាក់ តំណាងអាជីវកកម្មរបស់ឥណ្ឌូណេស៊ីដែលមានស្រាប់នៅកម្ពុជា។ ពួកគេជាតំណាងឱ្យក្រុមហ៊ុនអាជីវកម្មក្នុងវិស័យផ្សេងៗដូចជាម៉ូដសម្លៀកបំពាក់ អាហារ និងភេសជ្ជៈ គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឱសថ និងសម្ភារៈថែទាំខ្លួន។

លោកថា ការជ្រើសរើសអាជីវករដើម្បីចូលរួមដាក់តាំងពិព័រណ៍ឥណ្ឌូណេស៊ី គឺផ្តោតសំខាង់លើការចូលរួមរបស់សហគ្រាសលក្ខណៈគ្រួសារ ខ្នាតតូច និងមធ្យម (MSMEs) និងឧស្សាហកម្មសេដ្ឋកិច្ចច្នៃប្រឌិត។
លើសពីនេះ ក៏មានវត្តមាននៃតំណាងសាកលវិទ្យាល័យឈានមុខគេរបស់ឥណ្ឌូណេស៊ីទាំងប្រាំមួយ នឹងចូលរួមលើកកម្ពស់ការសិក្សាតាមរយៈការផ្តល់ឱកាសសិក្សាសម្រាប់យុវជនកម្ពុជា ក៏ដូចជាឱកាសអាហារូបករណ៍ផងដែរ។
ស្ថានទូតក៏នឹងរៀបចំឱ្យាមាននូវកម្មវីធីដែលជាទីរីករាយផ្សេងទៀតផងដែរ រួមទាំងការផ្សព្វផ្សាយទេសចរណ៍ ការសម្តែងសីល្បៈវប្បធម៌ និងកម្មវិធីជជែកពីភាក្សា ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងកម្មវិធីសម្របសម្រួលធុរកិច្ចឥណ្ឌូណេស៊ីដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។
ការរៀបចំពិព័រណ៍ Sousdey Indonesia 2025 នេះ បានទទួលការឆ្លើយតបជាវិជ្ជមានពីក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ពិព័រណ៍នេះទទួលបានការឧបត្ថម្ភគាំទ្រពីដៃគូសំខាន់ៗរួមមាន Smart Axiata, Prince Bank, Philip Bank, AirAsia, Kino Cambodia និងសភាពាណិជ្ជកម្មឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា៕



