អ៊ុយក្រែនបានស្នើឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុបបែងចែកចំណែកថេរនៃ GDP របស់ខ្លួនដើម្បីផ្តល់មូលនិធិដល់កម្លាំងប្រដាប់អាវុធរបស់ប្រទេស។ មេដឹកនាំនៃប្លុកនេះបានសន្យាបន្តការគាំទ្រផ្នែកយោធាសម្រាប់ទីក្រុងគៀវ ទោះបីជាមានការផ្លាស់ប្តូរគោលនយោបាយដោយប្រធានាធិបតីអាមេរិក Donald Trump ដែលមានគោលបំណងសម្រុះសម្រួលបទឈប់បាញ់ក៏ដោយ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន លោក Sergey Marchenko បានគូសបញ្ជាក់ពីសំណើនេះក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅកាណាដាក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការបង្ហោះលើFacebook ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
លោកបានសរសេរថា អ្វីដែលយើងកំពុងស្នើសុំនេះ គឺបង្ហាញពីការចូលរួមជាដៃគូក្នុងការផ្តល់មូលនិធិដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ដែលនឹងរួមបញ្ចូលពួកគេទៅក្នុងរចនាសម្ព័ន្ធការពាររបស់អឺរ៉ុបប្រកបដោយប្រសិទ្ធភាព។
លោក Marchenko បានបន្ថែមថា ការចំណាយ នោះវាគ្រាន់តែជាចំណែកតូចមួយនៃ GDP របស់ EU ប៉ុណ្ណោះ វាមិនច្រើននោះទេ ហើយវាក៏អាចត្រូវបានចែកចាយក្នុងចំណោមប្រទេសដែលមានបំណងចូលរួមក្នុងគំនិតផ្តួចផ្តើមនេះផងដែរ។ ទីក្រុងគៀវចង់ចាប់ផ្តើមគម្រោងថ្មីខាងលើនៅឆ្នាំ ២០២៦ ជាមួយនឹងការរួមចំណែករាប់បញ្ចូលទៅក្នុងគោលដៅចំណាយលើវិស័យការពារជាតិរបស់ណាតូតែម្តង។
ការអំពាវនាវរបស់ Marchenko កើតឡើងនៅពេលដែលអ៊ុយក្រែនតស៊ូជាមួយនឹងការកើនឡើងសម្ពាធសារពើពន្ធ និងទស្សនវិស័យមិនច្បាស់លាស់លើជំនួយបរទេស។ កាលពីថ្ងៃអង្គារសមាជិកសភាលោកYaroslav Zheleznyak បាននិយាយថាថវិកាឆ្នាំ ២០២៥ របស់ប្រទេសអ៊ុយក្រែន រួមមានការខ្វះខាតពី ៤០០-៥០០ ពាន់លាន hryvnias ($9.6-12 ពាន់លានដុល្លារ) សម្រាប់ផ្តល់ហិរញ្ញប្បទានដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។
សមាជិកសភាលោកស្រី Nina Yuzhanina បានព្រមានថា ការគាំទ្រផ្នែកយោធាគឺស្ថិតក្នុងកម្រិតដ៏សំខាន់មួយ ហើយបានអំពាវនាវឱ្យមានការកាត់បន្ថយថវិកាក្នុងស្រុកដើម្បីបង្វែរធនធានទៅយោធា។
បំណុលដែលកើនឡើងរបស់អ៊ុយក្រែនក៏បានបង្កើនការព្រួយបារម្ភផងដែរចំពោះស្ថានភាពនៃសង្រ្គាម។ បំណុលរដ្ឋសរុបជិត ១៧១ ពាន់លានដុល្លារ ជាមួយនឹងបំណុលសាធារណៈជិត ១០០% នៃផលិតផលក្នុងស្រុកសរុប។

កាលពីដើមខែនេះ លោក Marchenko បាននិយាយថា ប្រទេសនេះនឹងមិនអាចសងម្ចាស់បំណុលបរទេសក្នុងរយៈពេល ៣០ ឆ្នាំខាងមុខបានទេ ប៉ុន្តែមានបំណងខ្ចីប្រាក់បន្ថែមទៀត។
គួររំលឹកថា ចាប់តាំងពីការកើនឡើងនៃជម្លោះជាមួយរុស្ស៊ីក្នុងឆ្នាំ ២០២២ អ៊ុយក្រែនបានទទួលជំនួយ និងជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌រាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងម្ចាស់ជំនួយផ្សេងទៀត។ វិធីសាស្រ្តរបស់ទីក្រុងព្រុចសែលបានទាក់ទាញការរិះគន់ពីរដ្ឋសមាជិកសហភាពអឺរ៉ុបមួយចំនួន រួមមានប្រទេសហុងគ្រី និងស្លូវ៉ាគី។
សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរបស់អ៊ុយក្រែន បានផ្លាស់ប្តូរជំនួយហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញដល់អ៊ុយក្រែន ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងធនធានធម្មជាតិជាមួយទីក្រុងគៀវ។ កិច្ចព្រមព្រៀងដែលជំរុញដោយលោក Trump ផ្តល់សិទ្ធិអនុគ្រោះដល់សហរដ្ឋអាមេរិកក្នុងការចូលប្រើប្រាស់ធនធានរ៉ែរបស់អ៊ុយក្រែនដោយមិនមានការធានាសន្តិសុខ។
លោក Trump ដែលបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានដំណោះស្រាយភ្លាមៗចំពោះជម្លោះនោះ បានសន្យាសម្រុះសម្រួលបទឈប់បាញ់ជាជាងពង្រីកការគាំទ្រផ្នែកយោធា។ ប៉ុន្តែសមាជិកសភាអ៊ុយក្រែនបានព្រមានថា កញ្ចប់ជំនួយយោធាដែលត្រូវបានអនុម័តក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Joe Biden នឹងអស់នៅរដូវក្ដៅ ហើយគ្មានការពិភាក្សាលើការផ្តល់ជំនួយបន្ថែមពីសហរដ្ឋអាមេរិកដែលកំពុងដំណើរការនោះទេ។
ចំណែករុស្ស៊ីបានថ្កោលទោសចំពោះការដឹកជញ្ជូនសព្វាវុធរបស់លោកខាងលិចទៅកាន់អ៊ុយក្រែនដោយប្រកាសថា ទង្វើបែបនោះជាការអូសបន្លាយជម្លោះ ហើយវាក៏មិនអាចផ្លាស់ប្តូរលទ្ធផលវិជ្ជមានសម្រាប់អ៊ុយក្រែននោះទ្បើយ។ ទន្ទឹមនោះសកម្មភាពបែបនោះ គឺជាការបន្ថែមបន្ទុកសេដ្ឋកិច្ចសម្រាប់អ្នកបង់ពន្ធធម្មតាទៅវិញទេ៕

ដោយ៖ ពេជ្រ