ទាហាន​អ៊ីស្រាអែល​ បាញ់​ព្រមាន​អ្នក​ការទូតផ្អើលរត់ជាន់ជើងគ្នា​ នៅ​ West Bank

ទាហាន​អ៊ីស្រាអែល​បាន​ធ្វើការបាញ់​ព្រមាន​ទៅ​លើ​ក្រុម​អ្នកការទូត​ក្នុង​ទីក្រុង Jenin ក្នុង​តំបន់ West Bank កាលពី​ថ្ងៃ​ពុធម្សិលមិញ ខណដែលកងកម្លាំងការពារអ៊ីស្រាអែលបានអះអាងថា ក្រុមអ្នកការទូតនេះបានចូលទៅក្នុងតំបន់ហាមឃាត់ដោយគ្មានការអនុញ្ញាត។  យ៉ាងណាក៏ដោយគ្មានអ្នកណាម្នាក់​រង​របួស​នោះទេក្នុងករណីបាញ់ព្រមានដ៏គួរឲ្យភ្ញាក់ផ្អើលនេះ។

ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បាននិយាយថា គណៈប្រតិភូមានអ្នកការទូតមកពីប្រទេសយ៉ាងតិច២០ប្រទេស រួមទាំងប្រទេសជប៉ុនផងដែរ។ ពួកគេបានទៅទស្សនាទីក្រុងនេះ ដើម្បីវាយតម្លៃស្ថានភាព។

 ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោកស្រី Kaja Kallas បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចនេះ។  លោកស្រីបាននិយាយថា យើងពិតជាអំពាវនាវឱ្យអ៊ីស្រាអែលស៊ើបអង្កេតឧប្បត្តិហេតុនេះ ហើយថែមទាំងទទួលខុសត្រូវចំពោះរឿងនេះ ដើម្បីឲ្យដឹងថា តើអ្នកណាពិតប្រាកដដែលត្រូវទទួលខុសត្រូវចំពោះរឿងនេះ ហើយការគំរាមកំហែងណាមួយលើជីវិតអ្នកការទូតគឺមិនអាចទទួលយកបាននោះទ្បើយ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសជប៉ុនបានពណ៌នាការបាញ់ប្រហារនេះថា ជាហេតុការណ៍គួរឱ្យសោកស្តាយ ហើយបាននិយាយថា រដ្ឋាភិបាលបានដាក់ការតវ៉ារួចហើយលើរឿងនេះ។ ទន្ទឹមនោះជប៉ុនក៏​បាន​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​ដាក់​វិធានការ​ដើម្បី​ចៀសវាង​រឿង​ដដែល​នេះ​កើតឡើង​ម្តងទៀត។

ទាហាន​អ៊ីស្រាអែល​បាន​និង​កំពុង​ធ្វើ​ការ​វាយឆ្មក់​នៅ​ក្រុង Jenin ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​កម្ចាត់​ពួក​សកម្មប្រយុទ្ធ។ ការ​ប្រយុទ្ធ​គ្នា​បាន​បង្ខំ​អ្នក​ស្រុក​ជា​ច្រើន​នាក់​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment