អ៊ីស្រាអែល បានជូនដំណឹងពីការអនុញ្ញាតឱ្យមានការដឹកជញ្ជូនម្ហូបអាហារចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីធានាថាគ្មានវិបត្តិអត់ឃ្លានកើតឡើង បន្ទាប់ពីបិទអស់រយៈពេល ១០ សប្តាហ៍។

សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា ការអនុញ្ញាតនេះ ធ្វើឡើងតាមអនុសាសន៍របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងផ្អែកលើតម្រូវការដើម្បីគាំទ្រដល់ការវាយលុកយោធាជាថ្មីរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។
សេចក្តីប្រកាសនេះ បានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីយោធាអ៊ីស្រាអែល បញ្ជាក់ពីការចាប់ផ្តើមប្រតិបត្តិការជើងគោកយ៉ាងទូលំទូលាយ នៅទូទាំងតំបន់ហ្គាហ្សា។
អ៊ីស្រាអែល បានរងការដាក់សម្ពាធកាន់តែខ្លាំងឡើង ជុំវិញការបិទផ្លូវជំនួយ ដែលនាំឲ្យប្រជាជននៅហ្គាហ្សា មួយចំនួនធំ ស្ទើរតែបាត់បង់ជីវិត ដោយសារភាពអត់ឃ្លាន។
គួរបញ្ជាក់ថា កន្លងមក ក៏ធ្លាប់មានការរិះគន់ ជុំវិញការបិទផ្លូវជំនួយដ៏យូររបស់អ៊ីស្រាអែល នៅហ្គាហ្សាដែលនាំឲ្យមានការព្រួយបារម្ភពីវិបត្តិនៃភាពអត់ឃ្លានកាន់តែរីកធំ ៕

ដោយ៖ ពេជ្រ