កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសពីយុទ្ធនាការទម្លាក់គ្រាប់បែកថ្មីនៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងគោលបំណងកម្ចាត់ក្រុមហាម៉ាស។ ការវាយលុកនេះកើតឡើងបន្ទាប់ពីបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា បានផុតកំណត់នៅក្នុងខែមីនា។

ក្រុមមន្ត្រីយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសុក្រថា ក្នុងរយៈពេលមួយថ្ងៃកន្លងមក IDF បានបើកការវាយប្រហារយ៉ាងទូលំទូលាយ និងបានប្រមូលផ្តុំកងកម្លាំងដើម្បីដណ្តើមយកតំបន់យុទ្ធសាស្ត្រសំខាន់ៗនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបទាំងមូល។ ប្រតិបត្តិការនោះ គឺជាផ្នែកមួយនៃចលនាប្រតិបត្តិការឈ្មោះថា Gideon’s Chariots និងការពង្រីកយុទ្ធនាការនៅហ្គាហ្សា។
IDF បានរំលឹកឡើងវិញនូវគោលដៅរបស់ខ្លួនក្នុងការធានាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងសម្រេចបាន នូវការបរាជ័យរបស់ក្រុមហាម៉ាស។
កងទ័ពអ៊ីស្រាអែលបានបន្ថែមថា កងទ័ព IDF នៅក្នុងបញ្ជាការភាគខាងត្បូងនឹងបន្តប្រតិបត្តិការដើម្បីការពារពលរដ្ឋអ៊ីស្រាអែល និងស្វែងយល់ដឹងពីគោលដៅនៃសង្គ្រាម។
យោងតាមគេហទំព័រ The Times of Israel បានរាយការណ៍ថា IDF មានគោលបំណង ដណ្តើមយកតំបន់ Gaza ទាំងមូល និងការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនទៅកាន់ផ្នែកខាងត្បូងនៃតំបន់ជុំវិញ និងការពារពីការគំរាមរបស់ក្រុមភេរវករ រួមទាំងការពារពីការរឹបអូសយកជំនួយមនុស្សធម៌។
សារព័ត៌មាន Al Jazeera រាយការណ៍ថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១១៥ នាក់ត្រូវបានសម្លាប់ចាប់តាំងពីព្រឹកព្រលឹមថ្ងៃសុក្រ។
បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានបែកបាក់កាលពីខែមីនា បន្ទាប់ពីភាគីទាំងពីរមិនបានយល់ព្រមលើការអនុវត្តដំណាក់កាលទីពីរនៃបទឈប់បាញ់។
អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងបណ្តាលឱ្យមានចំណាប់ខ្មាំងជាង ២០០ នាក់ត្រូវបានចាប់ខ្លួន។ ប្រជាជនប៉ាឡេស្ទីនជាង ៥៣,០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីជម្លោះបានចាប់ផ្តើម ហើយអង្គការសិទ្ធិមនុស្សបានចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍៕
