មេដឹកនាំអឺរ៉ុបបានបញ្ជាក់ថា ពួកគេនឹងបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី និងបន្តគាំទ្រអ៊ុយក្រែន ខណការបង្កើនទណ្ឌកម្មនោះនឹងរៀបចំនៅក្នុងកិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុប។

កិច្ចប្រជុំខាងលើនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រក្នុងរដ្ឋធានី Tirana របស់ប្រទេសអាល់បានី។ កិច្ចប្រជុំ EPC ត្រូវបានបង្កើតឡើងដោយសមាជិកសហភាពអឺរ៉ុប និងប្រទេសជិតខាងរបស់ពួកគេ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
មេដឹកនាំជាង ៤០ រួមទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចូលរួមក្នុងកិច្ចប្រជុំនោះ។ កិច្ចប្រជុំកំពូលនេះ បានធ្វើឡើងចំពេលដែលកិច្ចចរចាផ្ទាល់កម្រិតខ្ពស់ស្តីពីបទឈប់បាញ់ត្រូវបានធ្វើឡើងរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងប្រទេសទួរគី។
នៅក្នុងកិច្ចប្រជុំនោះ លោក Zelenskyy បានអំពាវនាវឱ្យប្រទេសនានាបង្កើនសម្ពាធលើប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូមិនទទួលយកបទឈប់បាញ់ពេញលេញ និងគ្មានលក្ខខណ្ឌ។
ប្រទេសដាណឺម៉ាកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល EPC លើកក្រោយនៅខែតុលា។ នេះបើយោងតាមនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោកស្រី Mette Frederiksen បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ។
លោកស្រីបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការបង្កើនសម្ពាធលើរុស្ស៊ីដោយមានទណ្ឌកម្មបន្ថែមទៀត។ លោកស្រីក៏បានបង្ហាញការរំពឹងទុករបស់លោកស្រីសម្រាប់សហរដ្ឋអាមេរិកក្នុងការចូលរួមចំណែកសម្រាប់ទណ្ឌកម្មលើរុស្ស៊ី។ លោកស្រីបានកត់សម្គាល់ថា លោកប្រធានាធិបតី Donald Trump បានបង្ហាញសញ្ញាថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូមិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចព្រមព្រៀង៕
