ប្រធានាធិបតី​បារាំង​ អំពាវនាវ​ឲ្យ​ផ្តល់​ជំនួយ​មនុស្សធម៌​ឡើងវិញ និង​ជាបន្ទាន់​ដល់​តំបន់​ហ្គាហ្សា

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវកាលពីថ្ងៃអង្គារ ដោយអំពាវនាវឲ្យមានការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវជំនួយមនុស្សធម៌ដល់តំបន់ Gaza ខណការអំពាវនាវនោះធ្វើទ្បើងអំឡុងពេលដែលលោកទៅទស្សនកិច្ចទីក្រុងកំពង់ផែ El-Arish របស់ប្រទេសអេហ្ស៊ីប។

លោក​បាន​មាន​ប្រសាសន៍​ថា អាទិភាព​របស់​យើង​គឺ​ការ​បន្ត​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់។ លោកបានបន្ថែមថា ស្ថានភាពពេលនេះនៅតំបន់ហ្គាហ្សាគឺមិនអាចទ្រាំទ្របានហើយកាន់តែអាក្រក់ទៅៗ ដែលចាំបាច់ត្រូវផ្តល់ជំនួយបន្ទាន់។

លោក Macron ក៏បានអំពាវនាវឱ្យមានការបន្តបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន ជាបញ្ហាបន្ទាន់ផងដែរ។ ទន្ទឹមនោះលោកបានស្នើសុំឱ្យសហរដ្ឋអាមេរិកគាំទ្របទឈប់បាញ់រយៈពេល ៤០-៥០ ថ្ងៃជាមួយនឹងការពិភាក្សាជាថ្មីសម្រាប់ដំណោះស្រាយរយៈពេលវែង។

  លោកបានលើកទ្បើងថាជំនួយមនុស្សធម៌ត្រូវតែអនុវត្តតាមគោលការណ៍នៃភាពមិនលំអៀង និយាយរួមគឺការជួយមនុស្សដោយមិនគិតពីពួកគេជាអ្នកណា ហើយគឺជាមូលដ្ឋានគ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ។ លោក​បាន​បន្ថែម​ថា ជំនួយ​មិន​ត្រូវ​ប្រើ​ជា​ឧបករណ៍​នៃ​សង្គ្រាម​ទេ។

  លោក Macron ក៏បានថ្កោលទោសចំពោះការសម្លាប់បុគ្គលិកនៃជំនួយមនុស្សធម៌នៅតំបន់នោះ ដែលជាអត្រាខ្ពស់បំផុត។ លោកថា បុគ្គលិកមនុស្សធម៌មិនមែនជាភាគីនៃជម្លោះនោះទេ។ ពួកគេនៅទីនោះក្នុងនាមសហគមន៍អន្តរជាតិដើម្បីជួយអ្នកដែលត្រូវការជំនួយ។ ការការពារពួកគេគឺជាការចាំបាច់ ហើយយើងមិនត្រូវធ្វើសម្បទានលើចំណុចនោះទ្បើយ។

  លោក Macron ក៏បានឆ្លើយតបទៅនឹងសំណួរអំពីពន្ធគយរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះផងដែរ។ លោកបាននិយាយថា ប្រទេសបារាំង និងអឺរ៉ុបមិនចង់បានភាពចលាចល ឬការកើនឡើងពន្ធនោះទ្បើយ។លោកថា នោះជាការឆ្លើយតបដ៏អាក្រក់ចំពោះអតុល្យភាពពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងការពារសេដ្ឋកិច្ចរបស់យើង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment