Zelenskyy៖ បុរសជនជាតិចិន ត្រូវចាប់ខ្លួនបានអំទ្បុងប្រយុទ្ធដើម្បីរុស្ស៊ី

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​បង្ហាញ​ថា បុរស​ជនជាតិ​ចិន​ពីរ​នាក់​ដែល​ប្រយុទ្ធ​ដើម្បី​រុស្ស៊ី​ត្រូវ​បាន​ចាប់​ខ្លួន។ លោក​ថា រដ្ឋាភិបាល​របស់​លោក​ក៏កំពុង​ទាមទារឲ្យមាន​ការ​ពន្យល់​ពី​ប្រទេស​ចិន លើករណីនេះ។

នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Kyiv កាលពីថ្ងៃអង្គារ លោកZelensky បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានចាប់បុរសអ្នកទោសនៅតំបន់ Donetsk ភាគខាងកើត។ លោកថា កងកម្លាំង​អ៊ុយក្រែនបាន​ជួប​ពួកគេ​ជាមួយ​ពលរដ្ឋ​ចិន​បួន​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ប្រយុទ្ធ​នៅ​ទីនោះដោយគេចូលរួម​ជាមួយ​នឹង​ទាហាន​រុស្ស៊ី។

លោក Zelenskyy បានលើកទ្បើងថា “ចិនកំពុងប្រយុទ្ធនៅលើទឹកដីអ៊ុយក្រែន។ ហើយខ្ញុំគិតថានេះគឺជាចំណុចសំខាន់ដែលយើងត្រូវពិភាក្សាជាមួយដៃគូរបស់យើង ហើយខ្ញុំគិតថាវាជារឿងបន្ទាន់”។ លោក​បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថានការណ៍បែបនេះ។

លោកក៏បានសរសេរនៅក្នុងការបង្ហោះនៅលើ X ថាលោកមានព័ត៌មានដែលអះអាងថា នៅមានពលរដ្ឋចិនជាច្រើនទៀត នៅក្នុងអង្គភាពកងកម្លាំងរុស្ស៊ី។  លោក​​បន្ថែម​ថា មន្ត្រី​ចារកម្ម និង​សន្តិសុខ​កំពុង​ស៊ើបអង្កេតលើករណីនេះ។

ចំណែកប្រទេសចិន​បាន​លើកទ្បើង​ថា ខ្លួន​បាន​និង​កំពុង​បង្កើន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ប៉ុន្តែ​ខ្លួន​មិន​បាន​ផ្តល់​ជំនួយ​ផ្នែក​យោធា​នោះទេ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha បានបង្ហោះនៅលើ X អំពីឧប្បត្តិហេតុនេះ។  លោកបាននិយាយថា វាចោទជាសំណួរអំពីជំហរដែលបានប្រកាសរបស់ចិនសម្រាប់សន្តិភាព និងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់របស់ខ្លួនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ដែលទទួលខុសត្រូវ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក​ក៏​បាន​លើក​ឡើង​ថា លោក​បាន​កោះហៅ​ភារធារី​ចិន​នៅ​អ៊ុយក្រែន​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ពន្យល់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment