កាន់តែពិសេស ខេត្តកំពង់ចាមនឹងដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១.០០០ម៉ែត្រ លៀសចំនួន ៣តោន និងអញ្ជើញពិសារដោយសេរី ក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មី ២០២៥

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីពន្លឿន ការរៀបំកម្មវិធីផ្សេងៗ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥ ខណកិច្ចប្រជុំនោះធ្វើទ្បើងនៅសាលប្រជុំសាលាខេត្ត។

ក្នុងឱកាសនោះផងដែរ ក្រៅពីការរៀបចំផែនការស្នូលសំខាន់ៗ លោកអភិបាលខេត្ត ក៏បានសម្រេចបង្កើតព្រឹត្តិការណ៍ពិសេសមួយទៀត គឺដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១.០០០ម៉ែត្រ លៀសចំនួន ៣តោន នៅខាងមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ ក្រុងកំពង់ចាម  និងអញ្ជ់ញបងប្អូន ពូមីងបរិភោគដោយសេរី នៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម។ 

លោក អ៊ុន ចាន់ដា  ក៏បានបញ្ជាក់អំពីអត្ថន័យ នៃលេខ ១,០០០ (លៀសហាល ១.០០០ម៉ែត្រ) នេះដូចខាងក្រោម៖

*អត្ថន័យ នៅក្នុងអក្សរសាស្រ្ត៖
១. លេខ ១,០០០ ជាភាសាបាលី និងសំស្រ្កឹត មានន័យថា ‘’សហស្ស’’។
២. សហស្សគុណ= មានគុណភាពច្រើន។ឧទាហរណ៍៖ ថ្នាំសហស្សគុណ= ថ្នាំតែមួយមុខ តែអាចព្យាបាលរោគ បានច្រើនមុខ។
៣. សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ។

*អត្ថន័យ នៅក្នុងវប្បធម៌ ប្រពៃណី និងជីវភាពប្រចាំថ្ងៃ៖
១. គាថាពាន់ (គាថាបាលីសុទ្ធ ចំនួន ១,០០០គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣កណ្ឌ។
២. លៀសហាល ជាអាហារ មួយប្រភេទ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឲ្យឆ្អិន អាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ ១,០០០ ដែរ។

*អត្ថន័យ នៅក្នុងការដឹកនាំ៖
១. មានការចូលរួមយ៉ាងច្រើនលើសលប់។
២. សាមគ្គីភាព និងឯកភាពគ្នា។ ការដាក់បង្ហាញលៀសហាល ទំរង់ជាចំណងខ្សែជាប់គ្នា ចេញពីចុងខ្សែ២ ចងភ្ជាប់ជាចំណងតែមួយ។ ដែលខ្សែទី១ ជាចំណងឯកភាព និងខ្សែទី២ ជាចំណងសាមគ្គីភាព នាំមកនូវភាពសម្បូរសប្បាយ រីកចម្រើន រុងរឿងរាប់ពាន់ឆ្នាំ ៕

Written by 

Related posts

Leave a Comment