បន្ទាយមានជ័យ ៖នៅសាលប្រជុំ ធំ សាលា ខេត្ត បន្ទាយមានជ័យ មានរៀបចំពិធី អបអរសារទរ វប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ “នៅព្រឹក ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០២៥។

លោក យ៉ង តាំងគួយ ប្រធានមន្ទីរ វប្បធម៌វិចិត្រសីល្បៈខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ៖ការរៀបចំទិវាវប្បធម៌ជាតិ 0៣មីនា លើកទី២៧ ឆ្នាំ២០២៥ឡើង ស្របតាមទិសស្លោក “យុវជនដើម្បីវប្បធម៍ជាតិ “តាមអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ ទិវាវប្បធម៌ជាតិនេះឡើង ព្រោះ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់ណាស់របស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់ បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយៗ។

លោក យ៉ង តាំងគួយ បានបន្តទៀតថា៖ទិវាវប្បធម៌ជាតិ វាមានតម្លៃណាស់ដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការលើកតម្លៃចំពោះវប្បធម៌ អារ្យធម៌ជាតិដ៏ឧត្តុង្គឧត្តមនេះ និងដើម្បីរំលេច អំពីកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព ស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត បញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។
រាជរដ្ឋាភិបាលសម្រេចរៀបចំទិវា វប្បធម៌ជាតិ 0៣មីនា លើកទី២៧ ឆ្នាំ២០២៥ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងគោលបំណងលើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គមដែល មាន អារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ សំដៅធានាអោយបាននូវសុខដុមរមនាសង្គមសេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពជាតិ ដើម្បីចូលរួមកសាងកម្ពុជាជាអរិយប្រទេស។

លោក លីសុវណ្ណារិទ្ធ បានមានប្រសាសន៍ថា សព្វថ្ងៃនេះ យុវជន យុវនារី កំពុងតែបញ្ជ្រាបចូលនៅវប្បធម៌បរទេស ជាពិសេសវប្បធម៌របស់ជនជាតិថៃ យុវជនយុវរីសព្វថ្ងៃនេះចូលចិត្ត ស្លៀកសំលៀកបំពាក់ រាំច្រៀងតាមរបៀបបរទេសធ្វើឲ្យវប្បធម៌ស្រុតចុះយ៉ាងខ្លាំង ដូចពាក្យស្លោកបូរាណមួយបានពោលថា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណារាយជាតិនិងថ្កើងថ្កាន ដូច្នេះយុវជនយុវនារីត្រូវតែងាកមកចាប់វប្បធម៌ខ្មែរវិញទើបល្អ។
លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា ៖អនុវត្តតាម គោលនយោបាយ វប្បធម៌ជាតិ សកម្មភាពវិស័យវប្បធម៌ បច្ចុប្បន្នបាននិងកំពុងតែមានសន្ទុះយ៉ាងខ្លាំងក្លា លើសក្តានុពលវប្បធម៌ ដែលមានស្រាប់ នូវមរតកស្នាដែលដូនតាយើងបានបន្សល់ទុករាប់ពាន់ឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះបានក្លាយជាសម្បត្តិដ៏មហាសាល មិនអាចកាត់ថ្លៃបាន ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្លាំងបំផុត លើវិស័យវប្បធម៌នេះ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលទទួលនូវចំណូល លើសេវាវិស័យវប្បធម៌ទេសចរណ៏ ដែលជា ឧស្សាហកម្ម បៃតង បង្កើនចំណូលសេដ្ឋកិច្ចជាតិ ឥតឈប់ឈរ ។

ក្នុងន័យនេះដែរ រាជរដ្ឋាភិបាល ដែលមាន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជា ប្រមុខដឹកនាំ ដ៍ឃ្លៀសវៃ បានណែនាំឲ្យមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈគ្រប់រាជធានីខេត្ត សហការជាមួយរដ្ឋបាលខេត្ត រៀបចំទិវាវប្បធម៌ជាតិ 0៣ មីនា លើកទី ២៧ ឆ្នាំ២០២៥ ខេត្តទូទាំងប្រទេសព្រោះមានសារៈសំខាន់ ក្នុងការបង្កើនការយល់ ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឲ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពី គុណវុឌ្ឍ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី៕


