ក្រមនាគខៀវបឹងកេត នឹងបើកទ្វារពហុកីឡដ្ឋានជាតិ (អូឡាំពិក) ទទួលក្រុមភ្ញៀវសឹង្ហក្រហមភ្នំពេញក្រោន សម្រាប់សប្ដាហ៍ទី១៤នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ខណការប្រកួតដ៏ធំនេះ ដែលបងប្អូនអ្នកគាំទ្រតែងតែហៅថា The Cambodian Classic Match។
អ្វីដែលកាន់តែពិសេស នឹងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៃវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជានោះគឺជំនួបដ៏ធំខ្លាំងមួយនេះនឹងមានមន្ដ្រីអជ្ញាកណ្ដាលចំនួន៦រូប កាត់សេចក្តីនៅលើទីលានផងដែរ។
យ៉ាងណាមិញមុនជំនួបThe Cambodian Classic Match លោក Conor Nestor គ្រូបង្វឹកក្រុមបឹងកេត បាននិយាយថា«ខ្ញុំមានអារម្មណ៍រីករាយណាស់សម្រាប់ការប្រកួតដ៏ធំមួយនេះ ហើយខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ដែរ។ វាគឺជាការប្រកួតដ៏ធំមួយសម្រាប់បាល់ទាត់កម្ពុជា ដូច្នេះខ្ញុំមានកិត្តិយសដែលបានក្លាយជាផ្នែកមួយសម្រាប់ការប្រកួតនេះក្នុងនាមជាគ្រូរបស់បឹងកេត។
លោកបានបន្តថា កីឡាកររបស់យើងបានត្រៀមខ្លួនល្អ ហើយខ្ញុំពិតជាទន្ទឹងរង់ចាំការប្រកួតនេះណាស់។ ភ្នំពេញក្រោនគឺជាក្រុមល្អមួយ ជាមួយនឹងគ្រូបង្វឹករបស់ពួកគេ ខ្ញុំមានការគោរពទៅកាន់ពួកគេណាស់។ ជាការពិតណាស់យើងត្រូវតែលេងឲ្យបានល្អសម្រាប់ប្រកួតនេះ។ ពេលដែលយើងលេងជាមួយក្រុមដូចភ្នំពេញក្រោន ប្រសិនបើយើងផ្តោតលើតែកីឡាករម្នាក់ៗនោះ កីឡាករផ្សេងទៀតនឹងធ្វើឲ្យយើងឈឺចាប់ជាមិនខាន។ យើងមានគម្រោងក្នុងការការពារគេ នៅពេលដែលយើងបាត់បាល់ ហើយយើងក៏ត្រូវដោះស្រាយបញ្ហាផ្សេងៗឲ្យបានផងដែរ។»
ចំណែកលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ក៏បាននិយាយថា «វារឿងជាធម្មតាការប្រកួត Cambodian Classic Match តែងតែមានការប្រកួតប្រជែងខ្លាំង និងមានគ្រាប់បាល់ច្រើនក្នុងការប្រកួត។ វានឹងក្លាយទៅជាការប្រកួតដែលពិបាកមួយសម្រាប់យើងក្នុងការលេងទល់នឹងក្រុមលោក Conor Nestor ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្រុមបឹងកេត។
លោកបានបន្តថា សម្រាប់ខ្ញុំគឺមានភាពភ្ញាក់ផ្អើលសម្រាប់ការត្រលប់មកវិញរបស់លោក Conor ក្នុងការចូលរួមជាមួយក្រុមធំមួយដូចជាបឹងកេត។ គាត់គឺជាគ្រូបង្វឹកដែលមានគុណភាពមួយ បូករួមជាមួយបឹងកេតគេមានក្រុមល្អផងដែរ។ បឹងកេតបានធ្វើការផ្លាស់ប្តូរទម្រង់លេង ជាមួយនឹងការមកដល់របស់ Conor នេះ គាត់នឹងនាំយកគុណភាពចូលក្នុងក្រុម។ ខ្ញុំបានឃើញពីប្រសើរឡើងរបស់បឹងកេតពីមួយប្រកួតទៅមួយប្រកួត ជាមួយនឹងការបង្ហាញទម្រង់លេងដ៏រឹងមាំ និងការគ្រប់គ្រងបាល់ដ៏ល្អ៕»