ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ នៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា បានកើនឡើងលើសពី ២៧០០នាក់ហើយហើយនឹងមានចំនួនច្រើនលើសនេះបន្តទៀត។ នេះបើយោងតាមការបញ្ជាក់របស់យោធានៃប្រទេសមីយ៉ាន់ម៉ា។

យោធារបស់ប្រទេសនេះបានអះអាងកាលពីថ្ងៃអង្គារម្សិលមិញថា គ្រោះរញ្ជួយដីនេះបានសម្លាប់មនុស្ស ២,៧១៩ នាក់ និងរបួស ៤,៥២១នាក់ ហើយចំនួននេះមិនទាន់រាប់បញ្ចូលមនុស្ស ៤៤១ នាក់ដែលបាត់ខ្លួន។ យោធាបានព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងច្រើនជាបន្តបន្ទាប់។
ស្ត្រីអាយុ ៦៣ ឆ្នាំម្នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានជួយសង្គ្រោះនៅក្នុងរដ្ឋធានី Naypyitaw កាលពីថ្ងៃអង្គារបន្ទាប់ពីបានជាប់នៅក្រោមគំនរបាក់បែកអស់រយៈពេលជាង ៩០ ម៉ោង។
ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការយឺត ដោយសារការរញ្ជួយដីបានប៉ះពាល់ដល់តំបន់ធំទូលាយ និងបានបំផ្លាញផ្ទះជាច្រើនខ្នង។ ការរញ្ជួយដីនេះក៏បានដួលរលំអគារខ្ពស់ដែលកំពុងសាងសង់នៅទីក្រុងបាងកកក្នុងប្រទេសថៃដែលនៅជិតខាងផងដែរ។ អាជ្ញាធរក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៣ នាក់ត្រូវបានសម្លាប់ ហើយពួកគេមិនអាចទាក់ទងមនុស្សជាង ៦០ នាក់ដែលកំពុងបាត់ខ្លួន។អាជ្ញាធរក៏បានប្រកាសដែរថា កំណាត់ដែកមួយចំនួនដែលប្រើសម្រាប់អគារដែលរលំនោះមានកម្រិតគុណភាពទាប។

រដ្ឋាភិបាលថៃបានបង្កើតក្រុមមួយដើម្បីពិនិត្យរកមូលហេតុនៃការដួលរលំ។ ទន្ទឹមនោះថៃកំពុងស្នើឱ្យប្រទេសជប៉ុនដែលមានជំនាញក្នុងវិធានការការពារគ្រោះមហន្តរាយបញ្ជូនអ្នកជំនាញ។
ក្រុមមន្ត្រីនៅទីក្រុងបាងកក បាននិយាយថា គ្រោះរញ្ជួយដីនេះបានបំផ្លាញអគារជាង ១០,០០០ នៅក្នុងរដ្ឋធានី។ ខណៈពេលដែលមន្ត្រីកំពុងត្រួតពិនិត្យអគារដើម្បីវាយតម្លៃហានិភ័យនៃការដួលរលំ អ្នកស្រុកមានការព្រួយបារម្ភអំពីគ្រោះរញ្ជួយដី និងគ្រោះថ្នាក់ផ្សេងៗទៀត៕

ដោយ៖ ពេជ្រ