លោក ពូ ទីន ៖ ភាពជាដៃគូរវាងចិន និងរុស្ស៊ី កាន់តែបោះជំហានទៅមុខក្នុងភាពរឹងមាំសម្រាប់កិច្ចការពិភពលោក

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី និងចិនមានកំណត់ត្រាដ៏អស្ចារ្យមួយក្នុងការធ្វើការរួមគ្នានៅលើពិភពលោក។ លោក​បាន​ធ្វើ​ការ​អត្ថាធិប្បាយបែបនេះ​​ក្នុង​នៅក្នុងជំនួបពិភាក្សាជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក Wang Yi នៅ​វិមាន​ក្រឹមឡាំង។

 លោកពូទីនបាននិយាយថា “យើងចង់បង្ហាញពីការពេញចិត្តចំពោះវិធីដែលទំនាក់ទំនងរបស់ប្រទេសទាំងពីរកំពុងអភិវឌ្ឍ រួមទាំងការគាំទ្រដោយផ្ទាល់ពីក្រសួងការបរទេសរៀងៗខ្លួនផងដែរ”។

លោក ពូទីន បានបន្ថែមថា លោកនឹងជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងអំឡុងពេលប្រារព្ធពិធីជ័យជំនះក្នុងសង្គ្រាមលោកលើកទី២ នៅទីក្រុងមូស្គូ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នេះ ហើយយើងនិងពិភាក្សាបញ្ហាធំៗនៅលើពិភពលោក និងបង្ហាញកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ។

លោកពូទីនបានបញ្ជាក់បន្ថែមថា “យើងនឹងមានឱកាសពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគី និងអន្តរកម្មរបស់យើងនៅលើទីលានអន្តរជាតិ ជាចម្បង អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាអង្គការសហប្រតិបត្តិការសៀងហៃ BRICS និងវេទិកាមួយចំនួនផ្សេងទៀតដែលយើងធ្វើការរួមគ្នាដោយជោគជ័យដ៏អស្ចារ្យ”នាពេលកន្លងទៅ។

 លោក Wang ក៏បានសង្កត់ធ្ងន់ដែរថាទំនាក់ទំនងទ្វេភាគីគឺផ្អែកលើ “ការជឿទុកចិត្តគ្នាទៅវិញទៅមក” ហើយថាប្រទេសទាំងពីរនឹងបន្ត ការពារផលប្រយោជន៍រួមរបស់ភាគីទាំងពីរក្នុងកិច្ចការអន្តរជាតិ និងតំបន់ និងឲ្យកាន់តែរឹងមាំនិងជឿទុកចិត្ត។

    លោក Wang បានលើកទ្បើងថា កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី គឺមិនដែលមានទិសដៅប្រឆាំងនឹងភាគីទីបីណាមួយឡើយ ហើយវាមិនដែលមានការជ្រៀតជ្រែកពីខាងក្រៅឡើយ។

 គួររំលឹកថា ក្រៅពីជំនួបពិភាក្សាជាមួយលោក ពូ ទីន លោក Wang ក៏មានជំនួបដាច់ដោយឡែកមួយជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃអង្គារម្សិលមិញផងដែរ។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីលទ្ធភាពនៃការដោះស្រាយវិបត្តិអ៊ុយក្រែន។ ពួកគេបានសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្សាបឫសគល់នៃជម្លោះ។

ទីក្រុងប៉េកាំងមិនគ្រាន់តែបានប្រកាសមិនស្តីបន្ទោសរុស្ស៊ីចំពោះជម្លោះអ៊ុយក្រែន ប៉ុណ្ណោះទេ តែថែមទាំងបានថ្កោលទោសទណ្ឌកម្មរបស់លោកខាងលិចដែលបានដាក់លើទីក្រុងម៉ូស្គូថែមទៀត។  ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានប្រកាន់ខ្ជាប់នូវចិត្តគំនិតសង្គ្រាមត្រជាក់ដែលហួសសម័យ ដែលផ្អែកលើការប្រឈមមុខដាក់គ្នាដែលនយោបាយបែបនេះវាផ្ទុយពីផលប្រយោជន៍សកល៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment