បន្ទាយមានជ័យ ៖ នៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានធ្វើការស្រាវជ្រាវ មុខសញ្ញាពាក់ព័ន្ធករណី លួចម៉ូតូ និងទទួលផលចោរកម្ម ដែលជាក្រុមមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ដ្រក្រុងសិរីសោភ័ណ រហូតដល់ចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឈានដល់ការឃាត់ជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គុន្ធ ស្រីលិ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ។ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួនបក្ខពួកជាបន្ដបន្ទាប់ចំនួន ០២នាក់បន្ថែមទៀត ១/-ឈ្មោះ មិច គំនិត ភេទប្រុស អាយុ៤៣ឆ្នាំ និងឈ្មោះ ទិព្វ វឹលបែង ភេទប្រុស អាយុ ២៣ឆ្នាំ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៤ គ្មានផ្លាកលេខ ចំនួន០១គ្រឿង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន បញ្ជាក់ថាវិជ្ជមាន(+)ចំនួនពីរនាក់គឺ ឈ្មោះ ទិព្វ វឹលបែង និងឈ្មោះ គុន្ធ ស្រីលិ ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា៖ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យឈ្មោះ គុន្ធ ស្រីលិ ភេទស្រី អាយុ២៧ឆ្នាំ និងឈ្មោះ ទិព្វ វឹលបែង ភេទប្រុស អាយុ២៣ឆ្នាំ រងការចោទ ប្រកាន់ពីករណីទទួលផលចោរកម្ម(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ដោយឡែកឈ្មោះ មិច គំនិត ភេទប្រុស អាយុ៤៣ឆ្នាំ គឺជាមេក្លោង ទទួលផលចោរកម្ម នៃបទល្មើសលួចម៉ូតូ ដែលប្រព្រឹត្តយ៉ាងសកម្ម នៅក្នុងភូមិសាស្រ្ដក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត។ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ដោយមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕