​ប្រធាន FFC សម្ដែងការ​គាំទ្រពេញទំហឹង ចំពោះកិច្ចសហការអភិវឌ្ឍន៍ផ្ដោតលើយុវជន

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) លោកនាយឧត្តមសេនីយ៍ សៅ សុខា បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះកិច្ចសហការរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ ដោយផ្ដោតលើយុវជន ផ្សារភ្ជាប់ជាមួយបច្ចេកទេសវិទ្យា ដែលស្របទៅតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ការលើកឡើងនេះ បន្ទាប់ពីប្រធានសហព័ន្ធខាងលើ បានអញ្ជើញចុះអនុស្សារណៈយោគយល់គ្នាជាមួយ ស្ដីពីកិច្ចសហការឧពត្ថម្ភរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុន អ៊ី-ហ្គេត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ដោយលោកបានចាត់ទុកនេះ គឺជាការបង្ហាញនូវវឌ្ឍនភាព ការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា ក៏ដូចជាការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ។

លោក សៅ សុខា បាន​បញ្ជាក់ថា សហព័ន្ធមានគោលការណ៍គន្លឹះសំខាន់ៗចំនួន ៤ ក្នុងការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ទី១-រដ្ឋបាលគ្រប់គ្រង ទី២-បច្ចេកទេស និងអភិវឌ្ឍន៍ ទី៣-ការប្រកួត និងទី៤-បង្កើនការទទួលខុសត្រួវ រៀបចំព្រឹត្តិការណ៍បាល់ទាត់អន្ដរជាតិ និងការគាំទ្រពីទស្សនិកជន ។ ដើម្បីធានានូវគោលការណ៍ទាំងនេះ សហព័ន្ធក៏បានរៀបចំផែនការយុទ្ធសាស្ដ្រច្បាស់លាស់ សម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងការជំរុញការអភិវឌ្ឍន៍បាល់ទាត់ប្រកបដោយចីរភាព ទៅថ្ងៃអនាគត៕

Written by 

Related posts

Leave a Comment