យោងតាមគោលការណ៍ពីក្រសួងអប់រំ យុវជន និង កីឡា និងការសម្រេចជាគោលការណ៍ថា ក្រុមអត្តពលិកថ្នាលពីចន្លោះអាយុ១៤ឆ្នាំដល់១៧ឆ្នាំ ចំនួន១៨ប្រភេទកីឡាដែលត្រូវចូលរួមប្រកួតព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន បានចាប់ផ្ដើមការប្រមូលផ្ដុំហ្វឹកហាត់ហើយចាប់ពីថ្ងៃទី០១ ខែមេសា នេះរហូតដល់ចប់ការប្រកួតចុងខែតុលា ឆ្នាំ២០២៥។
ប្រភេទកីឡាដែលកម្ពុជានឹងបញ្ជូនឱ្យទៅចូលរួមនោះមាន១៨ប្រភេទកីឡា ដោយក្នុងនោះមានកីឡា Aquatics(បាល់ទះលើទឹក) , អត្តពលិកកម្ម, វាយសី, បាល់បោះ, Equestrian(កីឡាជិះសេះ), យូដូ, Jiu-Jitsu, MMA, ប្រណាំងកង់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ, ទ្រីយ៉ាត្លុង, ចំបាប់, លើកទម្ងន់, បាល់ទះ, បាល់ទាត់លើតុ, Muay, និងប្រដាល់សកល។
ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ ដែលប្រទេសបារ៉ែនទទួលធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ដល់ថ្ងៃទី៣១ ខែតុលា មាន២១ប្រភេទកីឡា។ បន្ទាប់ពីចប់ព្រឹត្តិការណ៍ឆ្នាំ២០២៥ ព្រះរាជាណាចក្រកម្ពុជានឹងទទួលភារៈធ្វើជាម្ចាស់ផ្ទះបន្តពីប្រទេសបារ៉ែន៕
