ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា នឹងទម្លាក់គ្រាប់បែកកម្ទេចអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះ មិនចូលរួមពិភាក្សាលើកិច្ចព្រមព្រៀង ហើយបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

កាសែត NBC News បានផ្សាយដោយដកស្រង់សំដីលោក Trump ថា “ប្រសិនបើពួកគេមិនធ្វើកិច្ចព្រមព្រៀងទេ វានឹងមានការទម្លាក់គ្រាប់បែកកម្ទេចហើយ។ លោកប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មានម្នាក់នៅក្នុងបទសម្ភាសន៍មួយកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន។ លោកTrump ក៏បានគំរាមដាក់ទណ្ឌកម្មអ៊ីរ៉ង់ជាមួយនឹងអ្វីដែលគាត់ហៅថា ពន្ធបន្ថែម។
សូមជម្រាបថា ភាសារបស់លោក Trump គឺតំណាងឱ្យការបំផុសគំនិតរបស់លោកកាលពីប៉ុន្មានថ្ងៃមុនដែលថា ប្រសិនបើក្រុងតេអេរ៉ង់មិនព្រមចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីនោះ នោះវាសនាអាក្រក់នឹងកើតឡើងចំពោះអ៊ីរ៉ង់។
យ៉ាងណាក៏ដោយ វាមិនច្បាស់ទេថាតើលោក Trump កំពុងគំរាមកំហែងទម្លាក់គ្រាប់បែកដោយយន្តហោះអាមេរិកតែម្នាក់ឯង ឬប្រហែលជានៅក្នុងប្រតិបត្តិការដែលសម្របសម្រួលជាមួយអ៊ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Gideon Saar បានប្រាប់កាសែត Politico កាលពីចុងខែមុនថា “ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មុនពេលដែលវានឹងត្រូវបានបំពាក់សព្វាវុធ ជម្រើសយោធាដែលអាចទុកចិត្តបានគួរតែស្ថិតនៅលើតុ”។
ក្រុមអ្នកវិភាគបានលើកទ្បើងថា អ៊ីរ៉ង់ប្រហែលជានៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះក្នុងការផលិតអាវុធនុយក្លេអ៊ែរដែលអាចចែកចាយបាន ទោះបីជាទីក្រុងតេអេរ៉ង់បដិសេធថាខ្លួនមិនបានសាងសង់អាវុធបែបនេះក៏ដោយ។ ទោះបីជាយ៉ាងណា ការវាយប្រហារបែបនេះនាំឱ្យមានហានិភ័យនៃការរីករាលដាលដល់ជម្លោះកាន់តែធំ។
គួររលឹកថា លោក Trump ក្នុងឆ្នាំ ២០១៨ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងដើម្បីបន្ធូរបន្ថយទណ្ឌកម្មលើអ៊ីរ៉ង់ជាថ្នូរនឹងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ឥឡូវនេះ នៅក្នុងអាណត្តិទីពីររបស់គាត់ គាត់បាននិយាយថា គាត់បើកចំហរក្នុងការពិភាក្សាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយអ៊ីរ៉ង់ ដែលអាចកាត់បន្ថយហានិភ័យនៃការកើនឡើងផ្នែកយោធា។
លោក Trump ក៏បានលាតត្រដាងនៅដើមខែមីនាថា លោកបានផ្ញើលិខិតមួយ ដែលស្នើឲ្យមានកិច្ចពិភាក្សាបែបនេះទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ។ ទន្ទឹមនឹងនេះ លោកបានជំរុញទៅមុខផងដែរជាមួយនឹងកម្មវិធី “សម្ពាធអតិបរមា”របស់គាត់អំពីការដាក់ទណ្ឌកម្មបន្ថែម និងការគំរាមកំហែងនៃសកម្មភាពយោធាលើអ៊ីរ៉ង់។
ចំណែកក្រុងតេអេរ៉ង់ដែលមានការសង្ស័យយ៉ាងខ្លាំងចំពោះរដ្ឋបាលអាមេរិកបន្ទាប់ពីការដកខ្លួនរបស់លោក Trump ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរលើកមុន ហើយបានបដិសេធមិនចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន។
យោងតាម NBC លោក Trump ក៏បាននិយាយថាមន្ត្រីអាមេរិក និងអ៊ីរ៉ង់កំពុងតែពិភាក្សាគ្នា ប៉ុន្តែគាត់មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។
នៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃអាទិត្យដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ ប្រធានាធិបតីលោក Masoud Pezeshkian បាននិយាយថា ការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ចំពោះលោក Trump ដែលបញ្ជូនទៅអន្តរការីក្នុងប្រទេសអូម៉ង់ដោយរដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi នោះបាននិយាយថា ការចរចាដោយផ្ទាល់ជាមួយ Trump ត្រូវបានច្រានចោល។ ប៉ុន្តែលោកបានបន្ថែមថា “មេដឹកនាំកំពូលក៏បានសង្កត់ធ្ងន់ថា ការចរចាដោយប្រយោលអាចបន្តបាន”។
លោក Pezeshkian អ្នកកំណែទម្រង់ដែលបានអំពាវនាវឱ្យមានការស្តារឡើងវិញនូវកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកបាននិយាយថា “យើងមិនជៀសវាងការចរចានោះទេ តែផ្ទុយទៅវិញ វាគឺជាភាពមិនស្មោះត្រង់របស់ពួកគេដែលបានបង្កបញ្ហាដល់ពួកយើងរហូតមកដល់ពេលនេះ។ ពួកគេត្រូវតែបង្ហាញថាពួកគេអាចបង្កើតការទុកចិត្តទាក់ទងនឹងការសម្រេចចិត្ត ហើយខ្ញុំសង្ឃឹមថាវានឹងក្លាយទៅជាការពិត”។
លោកថា វាមិនច្បាស់ទេថាតើ Trump បាននិយាយជាមួយ NBC មុនឬបន្ទាប់ពីលោក Pezeshkian ធ្វើអត្ថាធិប្បាយ ខណកន្លងមក អូម៉ង់ធ្លាប់ធ្វើជាអន្តរការីរវាងអាមេរិក និងអ៊ីរ៉ង់ផងដែរ៕

ដោយ៖ ពេជ្រ