ត្រាំ គំរាម​យក​ពន្ធ​បន្ថែម​លើ​ប្រទេស​ដែល​ស្មោះស្ម័គ្រនឹងប្រេង​រុស្ស៊ី បើបទឈប់បាញ់បរាជ័យ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមយកពន្ធបន្ថែមលើប្រទេសដែលទិញប្រេងពីរុស្ស៊ី។ លោកលើកទ្បើងថា វិធានការនេះនឹងកើតមាន ប្រសិនបើលោក និងមេដឹកនាំរុស្ស៊ីបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់អ៊ុយក្រែន។លោកបន្តថា ប្រសិនបើមានការសម្រេចចិត្តបឺបនេះ គឺទីក្រុងម៉ូស្គូនឹងត្រូវស្តីបន្ទោសចំពោះអ្វីដែលនាំឲ្យបរាជ័យលើកិច្ចព្រមព្រៀង។

លោក ត្រាំ ក៏បានបង្ហាញនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ NBC News កាលពីថ្ងៃអាទិត្យដែរថាលោកនឹងនិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងសប្តាហ៍នេះ ដើម្បីបញ្ជាក់ឲ្យបានច្បាស់តើរុស្ស៊ីនឹងសម្រេចចិត្តបែបណា។

លោក ត្រាំ បានលើកទ្បើងថា លោកខឹងខ្លាំងណាស់ គឺ ខឹងនៅពេលដែលពូទីនបានរិះគន់ភាពជឿជាក់នៃការដឹកនាំរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីសប្តាហ៍មុន ខណលោកពូទីនបានបដិសេធនៅពេលនោះថា លោក Zelenskyy គឺជាប្រធានាធិបតីមិនស្របច្បាប់ដែលអាណត្តិរបស់គាត់បានផុតកំណត់នៅក្នុងខែឧសភាឆ្នាំមុនបាត់ទៅហើយ ដូច្នេះមិនមានសិទ្ធិជាប្រធានាធិបតីទៀតទេ។

  លោក ត្រាំ បានសង្កត់ធ្ងន់ថា ប្រសិនបើរុស្ស៊ី និងខ្ញុំមិនអាចធ្វើកិច្ចព្រមព្រៀងស្តីពីការបញ្ឈប់ការបង្ហូរឈាមនៅអ៊ុយក្រែន ហើយប្រសិនបើខ្ញុំគិតថាវាជាកំហុសរបស់រុស្ស៊ី … ខ្ញុំនឹងដាក់ពន្ធបន្ថែមទៀតលើប្រេងទាំងអស់ដែលចេញពីប្រទេសរុស្ស៊ី។

   ពន្ធបន្ថែមដែលលោក ត្រាំ បានលើកទ្បើងនោះ ត្រូវបានគេរំពឹងថា នឹងត្រូវបង់លើការនាំចូលទៅកាន់សហរដ្ឋអាមេរិកពីប្រទេសដែលទិញប្រេងពីរុស្ស៊ី ដែលជាប្រភពចំណូលចម្បងសម្រាប់ទីក្រុងម៉ូស្គូតែម្តង។

    លោក ត្រាំ បានព្រមានថា ប្រសិនបើអ្នកទិញប្រេងពីប្រទេសរុស្ស៊ី អ្នកមិនអាចធ្វើជំនួញនៅសហរដ្ឋអាមេរិកបាននោះទេ។ លោកបានកត់សម្គាល់ថា ពន្ធគយនឹងមានចាប់ពី ២៥ ទៅ ៥០ ភាគរយ ហើយនឹងមកដល់ក្នុងរយៈពេលមួយខែប្រសិនបើគ្មានកិច្ចព្រមព្រៀងឈប់បាញ់នៅអ៊ុយក្រែន។

  ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានបន្ថែមថា កំហឹងនឹងរលាយបាត់ភ្លាមៗ ប្រសិនបើពូទីន ធ្វើរឿងត្រឹមត្រូវ។

   សេតវិមានបានប្រកាសកាលពីសប្តាហ៍មុនថា អាមេរិកបានយល់ព្រមជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីធានាសុវត្ថិភាពនាវាចរណ៍ និងលុបបំបាត់ការប្រើប្រាស់កម្លាំងនៅក្នុងសមុទ្រខ្មៅ។ ប៉ុន្តែ​រុស្ស៊ី​និយាយ​ថា ទណ្ឌកម្ម​មួយ​ចំនួន​ប្រឆាំង​នឹង​ខ្លួន​ត្រូវ​តែ​ដក​ចេញ ដើម្បី​ឱ្យ​កិច្ចព្រមព្រៀង​ចូល​ជា​ធរមាន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment