ការប្រកួតកីឡាបាល់បោះអង្គុយជនពិការជើងឯកអាស៊ី លើកទី១ ឆ្នាំ២០២៥ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ដោយក្រុមម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយមាសទាំង ២វិញ្ញាសា ។

ព្រឹត្តិការណ៍នេះ បានដំណើរការប្រកួតរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ នៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ដោយមានអត្តពលិកចូលរួមចំនួន ៦ប្រទេស គឺមានក្រុមកីឡាបាល់បោះជនពិការថៃ ម៉ាឡេស៊ី ឥណ្ឌា នេប៉ាល់ ស្រីលង្ការ និងម្ចាស់ផ្ទះកម្ពុជា ដែលប្រកួតលើ ២វិញ្ញាសា ផ្នែកបុរស និងនារី។
គួរដឹងថា សម្រាប់លទ្ធផលបច្ចេកទេស បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល២ថ្ងៃ ចំពោះវិញ្ញាសាបាល់បោះជនពិការបុរស គឺម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយមាស គ្រាដែលស្រីលង្កា ទទួលបានមេដាយប្រាក់ និងឥណ្ឌា ទទួលបានមេដាយសំរឹទ្ធ ។ រីឯវិញ្ញាសាក្រុមផ្នែកនារី កម្ពុជា ក៏ឈ្នះមេដាយមាស ខណៈថៃ ឈ្នះមេដាយប្រាក់ និងឥណ្ឌា ទទួលបានមេដាយសំរឹទ្ធ ដូចគ្នា៕

