អភិបាលរងខេត្តកែបស្នើដល់និយ័តករធានារ៉ាប់រងកម្ពុជាជំរុញឲ្យមានការវិនិយោគបើកសាខាក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងខេត្តកែប

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច”ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប បានលើកទឹកចិត្ត និងសំណូមពរដល់និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញឲ្យមានការវិនិយោគបើកសាខាក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងខេត្តកែប សំដៅបង្កើតការងាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ និងរួមចំណែកក្នុងការសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុក៏ដូចជាការបង្កើតបរិយាកាសធុរកិច្ចឲ្យកាន់តែល្អប្រសើរដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត និងបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តផងដែរ។

លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថាទោះបីជាសេដ្ឋកិច្ចសកលលោកបន្ដជួបប្រទះនូវបញ្ហាប្រឈមយ៉ាងណាក្ដី ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា អាចរក្សាបាននូវកំណើនល្អប្រសើរ ដែលស្ថិតក្នុងរង្វង់៦% ក្នុងឆ្នាំ២០២៤ នេះ។ លោកស្រីបន្តថា ស្របតាម “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១” និង “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥” របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា វិស័យធានារ៉ាប់រងនៅកម្ពុជា បាននិងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យដែលត្រូវបានធានាជូនបណ្ដាប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។

លោកស្រីថ្លែងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រ-កម្ពុជា ជាមួយនឹងទំហំបុព្វលាភដុលជាង ៣៧០លានដុល្លារអាម៉េរិក និងទ្រព្យសកម្មសរុបជាង ១,២ប៊ីលានដុល្លារអាម៉េរិក និងមានផលិតផលសម្បូរបែបជាអាទិ៍៖ ផលិតផលធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងទ្រព្យសម្បត្តិ, ធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត, ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន និងធានា-រ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប។

យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤ ទំហំទីផ្សារនេះ បានរួមចំណែកក្នុងសេដ្ឋកិច្ចតែប្រមាណ ១.១៧% ប៉ុណ្ណោះ ដោយមនុស្សម្នាក់ប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណតែ ២២ដុល្លារអាម៉េរិក។ ការណ៍នេះបានបង្ហាញឱ្យឃើញថាទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជា មានកម្រិតទាបបើធៀបនឹងទីផ្សារនានាក្នុងតំបន់ ដែលបណ្តាលមកពីកត្តាមួយចំនួនដូចជា កង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងកង្វះការយល់ដឹងរបស់ស្ថាប័នមានសមត្ថកិច្ចអំពីការធានារ៉ាប់រងជាកាតព្វកិច្ច ដែលការណ៍នេះបណ្តាលឱ្យកិច្ចសហការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចមិនទាន់សកម្មនិងមុតស្រួច ដូចដែលបានកំណត់ដោយច្បាប់ជាធរមាន។

លោកស្រីបញ្ជាក់ថាយោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលបានអនុម័តដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ ២០០០ និងបានកែសម្រួលជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រង នាឆ្នាំ ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន៖

១).ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ដែលកំណត់ថា ម្ចាស់យានយន្តដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការធានារ៉ាប់រងយានយន្តរបស់ខ្លួនពីក្រុមហ៊ុនធានារ៉ាប់រងណាមួយ លើភារៈទទួលខុសត្រូវចំពោះរាល់ការខូចខាតបង្កឡើងដល់តតិយជន ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរបង្កឡើងដោយយានយន្ដរបស់ខ្លួន។

២).ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ ដែលកំណត់ថា ប្រតិបត្តិករអាជីវកម្មដឹកជញ្ជូនអ្នកដំណើររួមទាំងភ្ញៀវទេសចរតាមមធ្យោបាយដឹកជញ្ជូននានា ត្រូវមានការធានារ៉ាប់រងភារៈទទួលខុសត្រូវចំពោះអ្នកដំណើរ ដែលជិះតាមមធ្យោបាយដឹក-ជញ្ជូនរបស់ខ្លួន ទោះបីមធ្យោបាយនោះចរាចរតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ឬផ្លូវដែកក៏ដោយ។

៣). ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ដែលកំណត់ថា រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយដែលជាម្ចាស់ការដ្ឋាន ត្រូវមានភស្តុតាងបញ្ជាក់ថា ខ្លួនមានកិច្ចសន្យាធានារ៉ាប់រងលើភារៈទទួលខុសត្រូវការដ្ឋាន ដែលធានាសំណងជូនជនរងគ្រោះ ដែលរងផលប៉ះពាល់ទាំងរូបរាងកាយ និងទ្រព្យសម្បត្តិ ដែលបង្កដោយសកម្មភាពរបស់ការដ្ឋាន។

  លោកស្រីបន្ថែមថា ជារួមច្បាប់បានកំណត់ជាកាតព្វកិច្ចដល់ម្ចាស់យានយន្តប្រកបអាជីវកម្ម ម្ចាស់អាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ការដ្ឋានសាងសង់ ត្រូវទិញធានារ៉ាប់រងភារៈទទួលខុសត្រូវចំពោះរាល់ការខូចខាតបង្កឡើងដល់តតិយជនដែលបណ្តាលមកពីសកម្មភាពរបស់ខ្លួន ជាមួយនោះផងដែរ ច្បាប់ក៏បានកំណត់ទោសទណ្ឌចំពោះបុគ្គលដែលល្មើសមិនអនុវត្តតាមកាតព្វកិច្ចទាំងនេះ។

គួរបញ្ជាក់ផងដែរថា យោងតាមទិន្នន័យបច្ចុប្បន្ន ចំនួនយានយន្តដែលបានចុះបញ្ជី ប្រកបអាជីវកម្មដឹកជញ្ជូនទំនិញមានចំនួនប្រមាណ ៨៤,០០០ គ្រឿង និងចំនួនយានយន្តដែលបានចុះបញ្ជីប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរមានចំនួនប្រមាណ ២៣,០០០ គ្រឿង។ ដោយឡែក ចំពោះចំនួនបណ្ណសន្យារ៉ាប់រងយានយន្តប្រកបអាជីវកម្មដឹកជញ្ជូនទំនិញដែលមានធានារ៉ាប់រង មានចំនួនប្រមាណ ២២,០០០បណ្ណ និង ចំនួនបណ្ណសន្យារ៉ាប់រងយានយន្តប្រកបអាជីវកម្មដឹកជញ្ជូន អ្នកដំណើរដែលមានធានារ៉ាប់រង មានចំនួនប្រមាណ ១១,០០០បណ្ណ។

ដោយឡែក ចំនួនបណ្ណសន្យារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានមានចំនួនត្រឹមតែ ៩៤០បណ្ណប៉ុណ្ណោះ ដូចនេះ បានបញ្ជាក់ឱ្យឃើញថា ការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចទាំងបីនេះនៅមានកម្រិតតិចតួចនៅឡើយ។

   ជាក់ស្តែង តាមរយៈការអង្កេត និងវាយតម្លៃរបស់ ន.ធ.ក. មានកត្តាចំនួន ៣ ដែលបណ្តាលឱ្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចនៅមានកម្រិតទាបរួមមាន៖

ទី១).ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋានពុំទាន់បានជ្រាបពីកាតព្វកិច្ចដែលត្រូវទិញធានារ៉ាប់រងសម្រាប់ការប្រកបអាជីវកម្ម

ទី២). ការផ្សព្វផ្សាយពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចដល់សាធារណជន ព្រម ទាំងតួអង្គពាក់ព័ន្ធ ពុំទាន់មានភាពទូលំទូលាយ និង

ទី៣).ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចអនុវត្តពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ចនៃការអនុវត្តការធានារ៉ាប់រងនេះនៅឡើយ។

 លោកស្រីអគ្គនាយករងក៏បានលើកទ្បើងផងដែរថា ដើម្បីចូលរួមពង្រឹងការអនុវត្តច្បាប់ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” ដោយបានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាផែនការអាទិភាពមួយតាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ អំពី អ្វីទៅជាការធានារ៉ាប់រង? និង តើមានការធានារ៉ាប់រងអ្វីខ្លះ? ដែលត្រូវបានកំណត់ជាកាតព្វកិច្ច ក្នុងច្បាប់និងលិខិតបទដ្ឋានពាក់ព័ន្ធ។

 សូមជម្រាបជូនថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” នេះត្រូវបានរៀបចំទ្បើងដោយ  និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសង្គហមិត្តខេត្តកែប ដោយមានការអញ្ជើញចូលរួមពីលោកស្រី អ៊ុល ភិរុណ អភិបាលរងខេត្តកែប លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា៕

Written by 

Related posts

Leave a Comment