នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថា ទំនាក់ទំនងរវាងកាណាដា ជាមួយសហរដ្ឋអាមេរិក នាពេលកន្លងមក ផ្អែកលើការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅនៃសេដ្ឋកិច្ចរបស់យើង និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ក៏ដូចជាយោធាដ៏តឹងតែងត្រូវដល់ផ្លូវបំបែកហើយ ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុង Ottawa បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Carney បានលើកឡើងថា ប្រជាជនកាណាដា ត្រូវតែស្រមៃមើលសេដ្ឋកិច្ចរបស់យើងឡើងវិញជាមូលដ្ឋាន នៅចំពោះមុខពន្ធគយដែលប្រធានាធិបតីអាមេរិក លោក Donald Trump ស្នើឡើង។
លោក បានបន្ថែមថា ប្រទេសកាណាដា នឹងឆ្លើយតបជាមួយនឹងពន្ធសងសឹក ដែលនឹងផ្តល់ផលប៉ះពាល់ជាអតិបរមាលើសហរដ្ឋអាមេរិក វិញ។
លោក Trump បានប្រកាស កាលពីថ្ងៃពុធថា លោក នឹងកំណត់គោលដៅនាំចូលរថយន្ត និងគ្រឿងបន្លាស់រថយន្ត ជាមួយនឹងពន្ធ ២៥ ភាគរយ ដោយបញ្ជាក់ថា នេះគឺជាភាពអចិន្ត្រៃយ៍ ។
គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែងផ្លូវការមក លោក Trump បានប្រកាសយកពន្ធលើមុខទំនិញ ២៥ ភាគរយ ដែលនាំចូលមកអាមេរិក ដែលប្រទេសខ្លាំងហាក់មិនពេញចិត្ត ៕

ដោយ៖ ពេជ្រ