Chelsea និង Manchester City នឹងទទួលបានប្រាក់ឧបត្ថម្ភ ៩៧លានផោន ស្មើនឹង ១២៥លានដុល្លារអាមេរិក ពីការបញ្ជូនកីឡាកររបស់ពួកគេទៅលេងក្នុងកម្មវិធី Club World Cup 2025 នៅសហរដ្ឋអាមេរិក ដែលត្រូវបានរៀបចំឡើងដោយ FIFA។
FIFA បានត្រៀមកញ្ចប់ទឹកប្រាក់ ៧៧៥លានផោន ក្នុងនោះដែរមានចំនួន ៤០៧លានផោន សម្រាប់ចែកជូនដល់បណ្តាក្លិបទាំង ៣២ក្រុមដែលចូលរូម និង ៣៦៨លានផោនផ្សេងទៀត ដើម្បីធ្វើជាប្រាក់រង្វាន់ និងរៀបចំការប្រកួត។
នេះជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន ដើម្បីចំណាយក្នុងការប្រកួតតែជិត ១ខែ បើប្រៀបធៀបទៅនឹងប្រាក់រង្វាន់នៅ Premier League រដូវកាលមុន ទទួលបានតែ ១៧៥លានផោន សម្រាប់មេឃខៀវ Man City ដែលជាជើងឯក និង Sheffield United បញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាង ទទួលបាន ១០៩.៧លានផោន ពីការប្រកួតប្រជែងពេញ ១រដូវកាល។
ជាការកត់សម្គាល់ផងដែរ ប្រាក់ឧបត្ថម្ភនេះពុំមានភាពស្មើគ្នានោះទេ។ FIFA អនុលោមទៅតាមតារាងចំណាត់ថ្នាក់នៃក្លិបនីមួយៗ និងផ្អែកទីផ្សារបាល់ទាត់ជាដើម នោះមានន័យថា បណ្តាក្លិបនៅអឺរ៉ុប ទទួលបានច្រើនជាងគេបើធៀបនឹងក្លិបផ្សេងៗទៀតមកពីទ្វីបដទៃ៕
