កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអញ្ជើញដឹកនាំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីតំណាងអង្គភាពកីឡាក្រសួង-ស្ថាប័ន តំណាងចលនាប៉ារ៉ាឡាំពិក តំណាងចលនាស្ប៉េស្យាល់អូឡាំពិក និងសហព័ន្ធកីឡាជាតិ នៅទីស្នាក់ការរបស់ខ្លួន។

ក្នុងមហាសន្និបាតនោះឯកឧត្តមបណ្ឌិត បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រធំៗចម្បងចំនួន ២នៅក្នុងឆ្នាំ២០២៥ រួមមានការចូលរួមប្រកួតពហុកីឡាយុវជនអាស៊ីលើកទី៣ នៅប្រទេសបារ៉ែន និងដើម្បីទទួលទង់ (AYG) ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីលើកទី៩ នៅកម្ពុជា ព្រមទាំងគោលដៅបន្តឧត្តមភាពនៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ។

ក្រៅពីផែកការយុទ្ធសាស្ត្រ និងទិសដៅការងារធំៗចម្បងចំនួនពីរខាងលើក ដែលបានដាក់ចេញ គណៈកម្មាធិការ (NOCC) ក៏មានទិសដៅការងារជាច្រើនផ្សេងទៀត ត្រូវអនុវត្តក្នុងឆ្នាំ ២០២៥ រួមមាន ពង្រឹងកិច្ចសហការល្អជាមួយក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ និងចលនាអូឡាំពិកអន្តរជាតិ, លើកកម្ពស់អភិបាលកិច្ចល្អរបស់អង្គការសង្គមកីឡា និងការអភិវឌ្ឍមូលធនមនុស្ស, ការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្វឹកកីឡាករ, ការអភិរក្ស ដើម្បីអភិវឌ្ឍកីឡាយុទ្ធគុនដូចតាខ្មែរ, ជួយបង្កើនគុណផលកីឡាកម្រិតខ្ពស់ដល់អត្តពលិកជាតិ, ការរៀបចំផែនការមេ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីលើកទី៩ (AYG 2029) និងចូលរួមអនុវត្តយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា៕

