សេតវិមាន បានឲ្យដឹងថា អាមេរិក ឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីធានាសុវត្ថិភាពនាវាចរណ៍ និងលុបបំបាត់ការប្រើប្រាស់កម្លាំង នៅសមុទ្រខ្មៅ។ ទន្ទឹមនោះប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការទប់ស្កាត់នាវាពាណិជ្ជកម្មមិនឱ្យប្រើប្រាស់សម្រាប់គោលបំណងយោធានៅលើសមុទ្រផងដែរ។

សេតវិមានបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃអង្គារ បន្ទាប់ពីខ្លួនបានចូលរួមក្នុងកិច្ចពិភាក្សាកម្រិតបច្ចេកទេសដាច់ដោយឡែកជាមួយប្រទេសទាំងពីរ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងប្រទេសអារ៉ាប៊ីសាអូឌីតចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ។
សហរដ្ឋអាមេរិកក៏បានឲ្យដឹងទៀតថា ប្រទេសទាំងពីរបានយល់ព្រមចាត់វិធានការដើម្បីហាមឃាត់ការវាយប្រហារប្រឆាំងនឹងរោងចក្រថាមពលនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនផងដែរ។
សហរដ្ឋអាមេរិកបានបន្ថែមថា ខ្លួននឹងជួយស្តារលទ្ធភាពចូលរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោកសម្រាប់ការនាំចេញកសិកម្ម និងជី។
តាមសេចក្តីរាយការណ៍ ទីក្រុងវ៉ាស៊ីនតោន នឹងជួយទីក្រុង Kyiv ឱ្យសម្រេចបាននូវការដោះដូរអ្នកទោសសង្រ្គាម និងការវិលត្រឡប់នៃកុមារអ៊ុយក្រែន ដែលបានជន្លៀសដោយបង្ខំ។

ការិយាល័យប្រធានាធិបតីរុស្ស៊ីក៏បានធ្វើការប្រកាសអំពីកិច្ចព្រមព្រៀងនេះកាលពីថ្ងៃអង្គារផងដែរ។ ប៉ុន្តែគេបានកត់សម្គាល់ថា នៅមានលក្ខខណ្ឌមួយចំនួនត្រូវតែបំពេញដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន។ការិយាល័យបានឲ្យដឹងថា ការរឹតបន្តឹងលើប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុត្រូវតែបញ្ចប់។ ជាមួយនោះ ទណ្ឌកម្មលើអ្នកផលិត និងអ្នកនាំចេញ ក៏ដូចជាផលិតផលម្ហូបអាហារ ដូចជាផលិតផលសមុទ្រ នឹងត្រូវបានដកចេញ។
ទន្ទឹមនឹងនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានធ្វើអត្ថាធិប្បាយលើកិច្ចព្រមព្រៀងនេះ។ លោកថានឹងត្រូវអនុវត្តភ្លាមៗ។ លោកប្រធានាធិបតីបានបន្ថែមថា លោកនឹងជំរុញឱ្យលោក Trump ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងផ្តល់អាវុធដល់អ៊ុយក្រែន ប្រសិនបើទីក្រុងម៉ូស្គូបំពានលើកិច្ចព្រមព្រៀងនោះ។យ៉ាងណាក៏ដោយសហរដ្ឋអាមេរិកបានអះអាងថា ខ្លួននឹងបន្តសម្រួលដល់ការចរចារវាងភាគីទាំងពីរ។
ក្រុមអ្នកសង្កេតការណ៍កំពុងរង់ចាំមើលថាតើរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump នឹងអាចអនុវត្តប្រកបដោយស្ថិរភាពនូវកិច្ចព្រមព្រៀងជាមួយប្រទេសទាំងពីរ ហើយថាតើការចរចានឹងនាំទៅរកបទឈប់បាញ់ដែរឬទេ៕

ដោយ៖ ពេជ្រ