ដើម្បីជំរុញ និងលើកកម្ពស់ការកសាងទំនាក់ទំនងរវាងក្រុមហ៊ុន សហគ្រាស អាជីវកម្មដ្ឋាន គ្រឹះស្ថានផ្ដល់ការអប់រំបណ្ដុះបណ្ដាល សហគ្រិន សមាគម អង្គការសង្គមស៊ីវិលមូលដ្ឋាន មជ្ឈមណ្ឌលការងារ ស្ថាប័ននានា និងសាលារៀនឱ្យក្លាយទៅជាទម្លាប់ ដើម្បីជំរុញប្រសិទ្ធភាពនៃដំណើរការរៀន និងបង្រៀន ព្រមទាំងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស តាមរយៈការផ្សារភ្ជាប់ការសិក្សានៅសាលារៀន ទៅនឹងពិភពការងារជាក់ស្ដែងតាមរូបភាពផ្សេងៗនៃកិច្ចសហការដែលត្រូវបានបង្កើតឡើង។

ទន្ទឹមនេះ ភាពជាដៃគូរវាងសាលារៀន និងសហគមន៍មូលដ្ឋាន ក៏ជាផ្នែកមួយនៃការកៀរគរមូលនិធិអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀនផងដែរ។
សកម្មភាពអន្តរាគមន៍ដែលគម្រោងបានដាក់ចេញរួមាន៖ ការរៀបចំផែនការសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំក្របខណ្ឌបច្ចេកទេសនៃការអនុវត្តសកម្មភាពការងារ ការបង្កើតក្លឹបសិក្សា ការងារគម្រោង និងពិព័រណ៍ស្នាដៃសិស្ស ការបង្កើតកិច្ចសហការជាមួយក្រុមហ៊ុន សហគ្រាស ការរៀបចំជំនួបជាមួយអ្នកពាក់ព័ន្ធ ការស្វែងរកដៃគូសហការអោយសាលារៀន ការពិភាក្សា និងការរៀបចំកិច្ចព្រមព្រៀង។

អន្តរាគមន៍ទាំងនេះបានផ្តល់ផលប្រយោជន៍ជាច្រើន ដែលរួមមាន៖ ១)សម្រាប់វិស័យឯកជន៖ ឱកាសក្នុងការរួមចំណែកការងារ សង្គម និងការអភិវឌ្ឍសាលារៀន ឱកាសផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ខ្លួនដល់សិស្ស ឱកាសនៃការបង្កើតកិច្ចសហការរវាងសាលារៀន និងក្រុមហ៊ុន ផ្ដល់បទពិសោធផ្ទាល់ដល់សិស្ស ជាទុនក្នុងការកំណត់គោលដៅអាជីព បង្កើតវេទិកាសន្ទនាដោយផ្ទាល់ អំពីតម្រូវការជំនាញបំពេញការងារ ទទួលបានកម្លាំងពលកម្មបានសមស្របនឹងស្ថានភាពតម្រូវការ ២)សម្រាប់សាលារៀន៖ ឱកាសក្នុងការកៀរគរធនធានចូលរួមអភិវឌ្ឍសាលារៀន ឱកាសទទួលបានព័ត៌មានថ្មីអំពីតម្រូវការជំនាញក្នុងទីផ្សារការងារ ឱកាសនៃការបង្កើតកិច្ចសហការរវាងសាលារៀន និងក្រុមហ៊ុន ផ្ដល់បទពិសោធផ្ទាល់ដល់សិស្ស ជាទុនក្នុងការកំណត់គោលដៅអាជីព បង្កើតវេទិកាសន្ទនាដោយផ្ទាល់ អំពីតម្រូវការជំនាញបំពេញការងារ លើកកម្ពស់សមត្ថភាពសិស្ស ឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច ៣)អត្ថប្រយោជន៍កម្រិតគោលនយោបាយ៖ អភិវឌ្ឍសម្បទារបស់យុវជន បានគ្រប់ជ្រុងជ្រោយឆ្លើតតបតម្រូវការ រៀបចំអ្នកសិក្សាពេញមួយជីវិត ដើម្បីរួមចំណែកបង្កើតសង្គមពុទ្ធិ លើកកម្ពស់ការផ្សារភ្ជាប់រវាងការសិក្សាកម្រិតមធ្យមសិក្សានិងឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្ដុះស្មារតីទទួលខុសត្រូវ គុណតម្លៃល្អប្រពៃដល់យុវជន មានកម្លាំងពលកម្មប្រកបដោយគុណភាពសម្រាប់ការប្រកួតប្រជែង និងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីស្ថានភាពសិស្ស។

ជាលទ្ធផល សាលាធនធានទាំង៥០ បានបង្កើតក្លឹបសិក្សាចំនួន ៨៩៤ក្លឹប បានជួយសិស្ស ១៩,៣៧៨នាក់ (ស្រី ១០,៦៨៦នាក់) បង្កើតការងារគម្រោងរបស់សិស្ស ៣៤៣គម្រោង បានជួយសិស្ស ១៤,០២៨នាក់ (ស្រី ៧,៦៥៤នាក់) បង្កើតកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ ៣០៣គម្រោង បានជួយសិស្ស ១០,៥០៤នាក់ (ស្រី ៥,៥៩៣នាក់) រៀបចំពិព័រណ៍សមិទ្ធផលស្នាដៃសិស្ស ដែលមានស្តង់សរុបចំនួន ៩៤០ស្តង់ ដែលមានអ្នកចូលរួមចំនួន ២៧៣,៣២០នាក់ (ស្រី ១៤៩,៤១៣នាក់)។ បន្ថែមជាងនេះទៅទៀត សាលាធនធានបានរៀបចំវេទិកាចែករំលែកដោយវាគ្មិន ចំនួន ២៥៤ដង បានជួយសិស្ស ៤០,០៧៩នាក់ (ស្រី ២២,១៩៨នាក់) បានចូលរួមស្តាប់ និងសួរដេញដោលអំពីមុខរបរ និងអាជីពការងារក្នុងក្តីសុបិននាពេលអនាគត រៀបចំទស្សនកិច្ចសិក្សា និងសង្កតការងារ ចំនួន ២៨២ដង បានជួយសិស្ស ១៥,២៨៧នាក់ (ស្រី ៨,៥៦២នាក់) បានសិក្សាស្វែងយល់អំពីរូបភាពការងារ និងការត្រៀមខ្លួនចូលទៅកាន់ពិភពការងារជាក់ស្ដែង, រៀបចំពិព័រណ៍ការងារខ្នាតតូច ដែលមានស្តង់សរុបចំនួន ៣៤២ស្តង់ បានជួយសិស្ស ៦៦,៩៩៧នាក់ (ស្រី ៣៦,៣២៣នាក់) បានចូលរួមទទួលបទពិសោធន៍ពីក្រុមហ៊ុនសហគ្រាស ដើម្បីកំណត់គោលដៅអាជីព។

ដើម្បីធានានិរន្តរភាពនៃសកម្មភាពនេះ អង្គសិក្ខាសាលាបានផ្តល់ធាតុចូលមួយចំនួន ដែលរួមមាន៖ ជ្រើសរើសគម្រោង និងក្លឹបសិក្សាដែលមានឧត្តមានុវត្តន៍ ដើម្បីរៀបចំពិពរណ៌ធំមួយ ដើម្បីបង្ហាញពីផលជះរបស់កម្មវិធីនេះ និងរៀបចំជាសៀវភៅករណីសិក្សា។ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ រៀបចំប្រជុំចែករំលែកបទពិសោធន៍ជាប្រចាំ ដើម្បីឱ្យសាលាទទួលបានបទពិសោធន៍ផ្សេងៗគ្នា និងយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។ ពេលចុះបេសកកម្មគាំទ្រសាលារៀនគោលដៅ នាយកដ្ឋានគួរបញ្ចូលគ្រូល្អ នាយកល្អ ទៅជួយគាំទ្រ និងត្រូវពង្រឹងយន្តការសាលាធនធានជួយសាលាបណ្តាញឱ្យកាន់តែមានប្រសិទ្ធភាព។ នាយកដ្ឋានគួរប្រែក្លាយសកម្មភាព ដោយបញ្ចូលទៅក្នុងផែនការថវិកាប្រចាំឆ្នាំរបស់អង្គភាព៕



