ក្រុមហ៊ូធី បាញ់តដៃវិញហើយដោយសំដៅលើព្រលានយន្តហោះក្រុង Tel Aviv

ក្រុមឧទ្ទាមហ៊ូធីមកពីចលនាឧទ្ទាម Ansar Allah របស់ប្រទេសយេម៉ែន បានធ្វើការវាយប្រហារលើអាកាសយានដ្ឋាន Ben Gurion ក្នុងទីក្រុង Tel Aviv ដោយប្រើប្រាស់មីស៊ីលផ្លោងល្បឿនលឿន។ នេះបើតាមអ្នកនាំពាក្យយោធានៃចលនា លោក Yahya Sarea ។

លោក បានប្រាប់ឲ្យដឹងថា កងទ័ពមីស៊ីលនៃកងកម្លាំងប្រដាប់អាវុធយេម៉ែន ចាប់ផ្ដើមធ្វើប្រតិបត្តិការយោធា និងវាយប្រហារលើអាកាសយានដ្ឋាន Ben Gurion ក្នុងតំបន់ Jaffa ដោយប្រើប្រាស់កាំជ្រួចមីស៊ីលផ្លោងលឿនជាងសំឡេង Palestine-2 ។

ដោយឡែក បើយោងតាមការអះអាងពី កងកម្លាំងការពារអ៊ីស្រាអែល បញ្ជាក់ថា មីស៊ីលដែលបាញ់ចេញពីទឹកដីយេម៉ែនត្រូវបានស្ទាក់ចាប់ ។

បន្ទាប់ពីការកើនឡើងនៃជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប ចលនាឧទ្ទាមយេម៉ែន Ansar Allah (ពួកហ៊ូធី) បានព្រមានអ៊ីស្រាអែលថា ខ្លួននឹងបាញ់ផ្លោងចេញពីទឹកដីរបស់ខ្លួន ដើម្បីរារាំងនាវាដែលពាក់ព័ន្ធជាមួយរដ្ឋជ្វីហ្វ មិនឱ្យឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb រហូតដល់ទីក្រុង Tel Aviv បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមរ៉ាឌីកាល់ប៉ាឡេស្ទីន។ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក នាវាស៊ីវិលរាប់សិបគ្រឿងត្រូវបានវាយប្រហារដោយក្រុមហ៊ូធី នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ។

គួរបញ្ជាក់ថា បន្ទាប់ពីបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចូលជាធរមាននៅតំបន់ហ្គាហ្សាស្ទ្រីប ពួកឧទ្ទាមយេម៉ែន បានផ្អាកការវាយប្រហារលើអ៊ីស្រាអែល ប៉ុន្តែបន្ទាប់ពីបទឈប់បាញ់បញ្ចប់ ក្រុមហ៊ូធី បន្តការវាយប្រហារលើនាវាដែលពាក់ព័ន្ធជាមួយអ៊ីស្រាអែលឡើងវិញដូចគ្នា៕

ដោយ៖ ពេជ្រ   

Written by 

Related posts

Leave a Comment