សេវាសារព័ត៌មានកងទ័ព បានរាយការណ៍ពីការកម្ចាត់មេបញ្ជាការក្រុមហាម៉ាស ២ រូប ដោយកងកម្លាំងអ៊ីស្រាអែល ។

យោងតាមប្រភព បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) សម្រុកវាយប្រហារលើទីតាំងភេរវករ និងក្រុមសកម្មប្រយុទ្ធ នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីកាត់បន្ថយសមត្ថភាពក្រុមហាម៉ាស រួមទាំងលុបបំបាត់ការគំរាមកំហែងដល់ប្រទេស និងទាហានរបស់ខ្លួន។
ការិយាល័យសារព័ត៌មាន នៅក្នុងសេចក្តីថ្លែងការណ៍មួយ លើកឡើងថា លោក Ahmed Shimali មេបញ្ជាការរងនៃកងពលតូចហ្គាហ្សា ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែក ដោយលោក ជាមន្ត្រីទទួលខុសត្រូវចំពោះប្រតិបត្តិការ រៀបចំផែនការយុទ្ធសាស្រ្តវាយលុក និងការកសាងកម្លាំងកងពលតូច ដើម្បីរៀបចំសម្រាប់ការសម្លាប់រង្គាលដ៏ឃោរឃៅរបស់ក្រុមហាម៉ាស នៅថ្ងៃទី ៧ ខែតុលា។
ទន្ទឹមនោះ កងកម្លាំងអ៊ីស្រាអែល ក៏បានកម្ចាត់មេបញ្ជាការកងវរសេនាតូច Shejaiya របស់ហាម៉ាសម្នាក់ទៀត គឺលោក Jamil Wadiya ផងដែរ។
ក្រុមនេះ ក៏បានបញ្ជាក់ថា សម្រាប់សង្រ្គាមភាគច្រើន លោក Wadiya ជាអ្នកដឹកនាំកងវរសេនាតូចបន្ទាប់ពីជំនួសភេរវករ Wessam Farhat ដែលត្រូវលុបបំបាត់ក្នុងខែធ្នូ ឆ្នាំ ២០២៣ ដោយបន្ថែមថា Wadiya ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារមីស៊ីលប្រឆាំងរថក្រោះលើឡានក្រុង កាលពីខែមេសា ឆ្នាំ ២០១១ ដែលសម្លាប់ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ ៕

ដោយ៖ ពេជ្រ