នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាមួយ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពការងារត្រៀមរៀបចំ បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ ។ កិច្ចប្រជុំនេះក៏ មានការអញ្ជើញចូលរួមដោយ លោក លោកស្រីប្រធានអនុគណៈកម្មការ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិការសឹករងខេត្ត ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តចូលរួមផងដែរ ។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានអានសេចក្ដីរាយការណ៍សង្ខេបជូន អង្គប្រជុំអំពីវឌ្ឍនភាព នៃការរៀបចំ ទីតាំងត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ នៅសួនច្បារមាត់បឹងតាកែវ ដោយរដ្ឋបាលខេត្ត បានរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សម្អាតទីតាំង ទីតាំងស្ដង់ពិពណ៌ ទីតាំងលែងកម្សាន្ត និងជិះទូក បានត្រៀមរួចរាល់អស់ហើយ ត្រៀម ស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវ ពេជ ចន្ទមុន្នី។
សូមជម្រាបជូនដែរថា ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តតាកែវ ក៏បានរៀបចំកីឡា ១០ប្រភេទ សម្រាប់ឪ្យមហាជន ចូលរួមលេងកម្សាន្ត រួមមាន៖ ១/ កីឡា ជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ, ២/ កីឡា រត់កម្សាន្តមហាជន ១២០០នាក់, ៣/ កីឡា អុកចត្រង្គ មហាជន, ៤/ កីឡា កម្សាន្ត រែក បាយខុម លោតម៉ឹក, ៥/ កីឡា បាល់ទះ មហាជន, ៦/ កីឡា ប៉ូល (បេតង់) មហាជន, ៧/ កីឡា ទូក កានូ កាយ៉ាក មហាជន, ៨/ ការបង្ហោះគោមរួមគ្នា ៥០០គោម, ៩/ កីឡា គុនខ្មែរ, ១០/ កីឡា សម្ដែង ប៉ារ៉ាប៉ូទ័រ ។ តាកែវ




