លោក Anis al-Asbahi អ្នកនាំពាក្យក្រសួងសុខាភិបាល បាននិយាយថា យោធាសហរដ្ឋអាមេរិក ធ្វើការវាយប្រហារជាបន្តបន្ទាប់មកលើអគាររដ្ឋាភិបាលរបស់ចលនា Ansar Allah (ហ៊ូធី) នៅក្នុងខេត្ត Al Jawf ភាគពាយ័ព្យនៃប្រទេសយេម៉ែន។

លោក Anis បានឲ្យដឹងថា អាមេរិក ធ្វើវាយប្រហារចំនួន ៤ ដង លើអគារអគាររដ្ឋាភិបាលដែលមានទីតាំងនៅស្រុក Al Hazm ក្នុងខេត្ត Al Jawf” ។
មន្ត្រីរូបនេះ មិនបានបញ្ជាក់ថា មានអ្នកស្លាប់ ឬយ៉ាងណានោះទេ ក្នុងការវាយប្រហារនេះ ។
កាលពីថ្ងៃទី ១៥ ខែមីនា សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងរបស់ពួកហ៊ូធី ក្នុងប្រទេសយេម៉ែន ដោយផ្អែកលើបញ្ជារបស់លោកប្រធានាធិបតី Donald Trump ។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា គោលដៅគឺដើម្បីការពារផលប្រយោជន៍អាមេរិក និងស្តារសេរីភាពនៃការធ្វើនាវាចរណ៍។
ជាការឆ្លើយតប ចលនា Ansar Allah បានវាយប្រហារ ២ ដងវិញ លើនាវាផ្ទុកយន្តហោះអាមេរិក USS Harry S. Truman នៅតំបន់ភាគខាងជើងនៃសមុទ្រក្រហម ដោយប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក។
យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលហ៊ូធី អះអាថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសយេម៉ែន បានសម្លាប់មនុស្សចំនួន ៥៣ នាក់ និង ៩៨ នាក់រងរបួស ៕

ដោយ៖ ពេជ្រ