បន្ទាយមានជ័យ៖ព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់ អាហារូបត្ថម្ភ ក្រោមប្រធានបទ “ការយល់ដឹងអំពីសារៈសំខាន់ នៃការប្រើប្រាស់អំបិលអីយ៉ូដ និងការគ្រប់គ្រងការធ្វើអាជីវកម្ម អំបិលអ៊ីយ៉ូដ “នៅខេត្តបន្ទាយមានជ័យ។ពិធីនេះមានការចូលរួម លោក ម៉ម បូរ៉ាត់ អនុប្រធានប្រចាំការ នៃគណៈកម្មការបច្ចេកទេស អន្តរក្រសួង នៃក្រុមប្រឹក្សាស្ដីពីអាហារូបត្ថម្ភជាតិ ក្រសួងផែនការ លោកឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រីព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យនិង សិក្ខាកាមប្រហែល១០០នាក់។

លោក ស្រី ព្រំ ស៊ីណា បានឲ្យដឹងថា សិក្ខាសាលានេះក្នុងគោលបំណងអភិវឌ្ឍមូលធនមនុស្ស និងសង្គមជាតិប្រកបដោយចីរភាព ជាពិសេសដើម្បីជោគជ័យក្នុងគោលដៅលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងលើកម្ពស់ស្ថានភាពអាហារូបត្ថម្ភនៅកម្ពុជាជាពិសេសស្ត្រី និងកុមារ ។
លោក ឈឿន ក្រៃយ៉ុងបានមានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់ អាហារូបត្ថម្ភ ការយល់ដឹងអំពីសារៈសំខាន់ការប្រើប្រាស់អំបិលអ៊ីយ៉ូដ និងស្ដីពីការគ្រប់គ្រងការធ្វើ អាជីវកម្មអំបិលអ៊ីយ៉ូដ ដើម្បីរំលឹកពង្រឹងឡើងវិញនូវគោលដៅ និងយុទ្ធសាស្ត្រ នៃការអនុវត្ត ពិសេសការចរាចរ និងការនាំចូលអំបិលគ្មានជាតិអ៊ីយ៉ូដមកក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណារក្សាឲ្យបាននូវចីរភាព នៃកម្មវិធីបញ្ចូលជាតិអ៊ីយ៉ូដក្នុងអំបិលជាសកលក្នុងព្រះរាជាណាចក្រកម្ពុជាតទៅអនាគត ដើម្បីលើកកម្ពស់សុខភាពសាធារណៈផងដែរ។

លោក ម៉ម បូរ៉ាត់ បានមានប្រសាសន៍ថា ក្នុងនាមលោក ជាគណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃក្រុមប្រឹក្សាស្ដីពីអាហារូបត្ថម្ភជាតិ ក្រសួងផែនការ លោកបាន ជម្រុញឲ្យសិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងស្តាប់ក្នុងសិក្ខាសាលានេះឲ្យបានយល់ដឹងដើម្បីជំនួយស្មារតីវិជ្ជាជីវៈ និងមាន មនសិការជាតិ ដើម្បីឈានទៅលុបបំបាត់ឲ្យបានរាល់បញ្ហាកង្វះជាតិអ៊ីយ៉ូដនៅកម្ពុជាជាពិសេសស្ត្រី និងកុមារ ទន្ទឹមនឹងនេះដែរលោក ស្នើ ដល់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ អភិវឌ្ឍនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សូមជួយរួមចំណែកជំរុញនិងឧបត្ថម្ភគាំទ្រដល់កម្មវិធីលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដនៅកម្ពុជាជាបន្តទៀត ដើម្បីរក្សាចីរភាព ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសស្ត្រី និងកុមារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕




