ខេត្តរតនគិរី÷ រថយន្តនិងម៉ូតូព្រលះគ្នាយ៉ាងពេញទំហឹង ប៉ើងម៉ូតូទើលើដំបូលរថយន្ត បណ្ដាលឲ្យយុវជនពីរនាក់បានរងរបួសធ្ងន់និងស្រាល ខណៈបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើត កាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ តាមផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ត្រង់ចំណុចជិតព្រៃកប់ខ្មោច ស្ថិតក្នុងភូមិចាអ៑ុងកៅ ឃុំចាអ៑ុង ស្រុកអូរជុំ។

នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាក WAVE ផលិតឆ្នាំ២០០៨ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ទិន កាហិន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ ទីលំនៅបច្ចុប្បន្ននៅភូមិ,ឃុំ កើតហេតុខាងលើ មិនបានពាក់មួកសុវត្ថិភាព រងរបួសស្រាល។
អ្នករួមដំណើរឈ្មោះ កាតិង សូណា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ,ឃុំកើតហេតុជាមួយគ្នា មិនបានពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ បាក់ខ្មងជើងខាងឆ្វេង។ រីឯរថយន្ដ១គ្រឿងម៉ាក កាមរី ឆ្លាម ពណ៌ខ្មៅ ផលិតឆ្នាំ១៩៩៧ ពាក់ស្លាកលេខភ្នំពេញ2C- 3198 បើកបរដោយឈ្មោះ ឈឺន ព្រឺម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិគ្រឹង មុខរបរមន្ត្រីនគរបាល មានទីលំនៅបច្ចុប្បន្នភូមិ,ឃុំកើតហេតុជាមួយគ្នា មិនមានរបួស។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចាអ៊ុង បានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការនគរបាលខេត្ត ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីព្យាបាលរបួស។ប៉ុន្តែនគរបាលចរាចរណ៍នៅមិនទាន់ដឹងថា តើភាគីខាងណាជាអ្នកខុសនោះនៅឡើយទេ ដោយកំពុងបន្តចុះស្រាវជ្រាវករណីបុកគ្នានេះ។
បច្ចុប្បន្នមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញរឹបអូសយកមករក្សាទុកជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
