ប្រធានាធិបតីអ៊ីរ៉ង់ បដិសេធការជួបជាមួយ Trump ពីបញ្ហានុយក្លេអ៊ែរ

ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ បាននិយាយថា លោកនឹងមិនចរចាជាមួយរដ្ឋបាល Trump នៅសហរដ្ឋអាមេរិកទេ ដោយសារតែយើងមិនដឹងថាអ្វីទៅដែលអ្នកចង់បានពិតប្រាកដនោះ។

លោក Pezeshkian បានថ្លែងបែបនេះ នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍មួយនៅទីក្រុង Tehran ស្តីពីការគំរាមកំហែងរបស់លោក Trump ប្រឆាំងនឹងអ៊ីរ៉ង់។ លោកថា ប្រសិនបើអ្នកកំពុងគំរាមកំហែងខ្ញុំ ខ្ញុំនឹងមិនចរចានោះទេ ហើយតើអ្វីទៅដែលអ្នកចង់បានពិតប្រាកដនោះ ។

ដោយការរិះគន់ត្រង់ៗទៅលោក Trump ដែលបានប្រមាថលើប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅសេតវិមាននោះ លោក Pezeshkian បានលើកទ្បើងថា “មនុស្សម្នាក់ពិតជាមានអារម្មណ៍ខ្មាស់អៀនចំពោះអ្វីដែល Trump បានធ្វើចំពោះ Zelenskyy”។

គួររំលឹកថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រទេសអ៊ីរ៉ង់បានច្រានចោលការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលថាគាត់បានផ្ញើលិខិតមួយទៅកាន់ទីក្រុង Tehran ដែលស្នើឱ្យមានការចរចានុយក្លេអ៊ែរជាមួយ Tehran ។ លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយបង្ហាញនូវក្តីសង្ឃឹមថាអ៊ីរ៉ង់នឹងចូលទៅក្នុងការចរចានោះ។  លោកបានថ្លែងថា “ខ្ញុំបាននិយាយថា ខ្ញុំសង្ឃឹមថាអ្នកនឹងចរចា ព្រោះវានឹងមានភាពល្អប្រសើរសម្រាប់អ៊ីរ៉ង់ទៅអនាគត” មុនពេលមានការព្រមានទីក្រុងតេអេរ៉ង់អំពីសកម្មភាពយោធាដែលមានសក្តានុពល។

គួររំលឹកទ្បើងវិញថា នៅក្នុងឆ្នាំ ២០១៨ លោក Trump បានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ និងបានដាក់ទណ្ឌកម្មឡើងវិញលើទីក្រុង Tehran ។ ទោះបីជាបានអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអស់រយៈពេលជាងមួយឆ្នាំបន្ទាប់ពីការដកខ្លួនរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏អ៊ីរ៉ង់បានកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួនបន្តិចម្តងៗ ដោយលើកឡើងពីការបរាជ័យនៃភាគីហត្ថលេខីដែលនៅសេសសល់នៃកិច្ចព្រមព្រៀងនេះដើម្បីការពារផលប្រយោជន៍របស់ខ្លួន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment