មិនចាំយូរ៖ អាមេរិក នឹងបន្តចរចាជាមួយរុស្ស៊ីភ្លាមៗ ក្រោយចប់ពីអ៊ុយក្រែន

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា គណៈប្រតិភូអាមេរិកនឹងជួបជាមួយសមភាគីរុស្ស៊ី នៅថ្ងៃនេះ ឬថ្ងៃស្អែក(ថ្ងៃទី ១១-១២ ខែមីនា)។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រដែលបានរាយការណ៍កាលពីថ្ងៃអង្គារ។

 ការថ្លែងរបស់លោក Trump ធ្វើឡើងបន្ទាប់ពីការបញ្ចប់កិច្ចចរចារវាងគណៈប្រតិភូអាមេរិក និងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលដែលទីក្រុងគៀវបានយល់ព្រមលើបទឈប់បាញ់រយៈពេល ៣០ ថ្ងៃ ហើយទីក្រុងវ៉ាស៊ីនតោនក៏បានប្តេជ្ញាចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនបន្តទៀត។

 លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសេតវិមានកាលពីថ្ងៃអង្គារថា នោះជាបទឈប់បាញ់ទាំងស្រុងក៏ដោយក៏អ៊ុយក្រែនយល់ព្រមដែរ ហើយ​សង្ឃឹម​ថា រុស្ស៊ី​នឹង​យល់​ព្រម​ចំពោះ​ដំណោះស្រាយនោះ។

 បេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូក្នុងប៉ុន្មានថ្ងៃខាងមុខនេះដើម្បីពិភាក្សាអំពីជម្លោះអ៊ុយក្រែនជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladirmir Putin ។ ប៉ុន្តែ​ទាំង​មន្ត្រី​អាមេរិក និង​រុស្ស៊ី មិន​បាន​បញ្ជាក់​ជា​សាធារណៈ​អំពី​ដំណើរ​នេះ ឬ​កាលបរិច្ឆេទ​ពិតប្រាកដ​របស់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ។

លោក Trump បានបន្តទៀតថា យើងនឹងជួបជាមួយពួកគេនៅថ្ងៃនេះ ឬថ្ងៃស្អែក ហើយសង្ឃឹមថា ពួកយើងនឹងអាចធ្វើការជាមួយគ្នានិងចេញកិច្ចព្រមព្រៀងមួយដែលយើងចង់បាន។ លោក​គិត​ថា បទ​ឈប់​បាញ់​មាន​សារៈ​សំខាន់​ណាស់ ហើយបើ​យើង​អាច​ឲ្យ​រុស្ស៊ី​ធ្វើ​បាន នោះ​ជា​រឿង​អស្ចារ្យណាស់ ព្រោះថាបើ​យើង​មិន​អាច​បន្តកិច្ចព្រមព្រៀងបាន​នោះ មនុស្ស​នឹង​ត្រូវ​គេ​សម្លាប់ មនុស្ស​ជា​ច្រើនទៀត។

រុស្ស៊ីមិនទាន់ចេញការឆ្លើយតបជាផ្លូវការចំពោះសេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅទីក្រុង Jeddah នៅឡើយទេ។  ទីក្រុងមូស្គូធ្លាប់បានចង្អុលបង្ហាញថា កិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នណាមួយមិនអាចទទួលយកបានឡើយ ដោយលើកហេតុផលថា វានឹងអនុញ្ញាតឱ្យក្រុងគៀវប្រមូលផ្តុំកងទ័ពឡើងវិញ។  លោកពូទីនបាននិយាយកាលពីខែមករាថា រុស្ស៊ីកំពុងស្វែងរកសន្តិភាពយូរអង្វែងដោយផ្អែកលើការគោរព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនទាំងអស់ដែលរស់នៅក្នុងតំបន់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment