ក្រសួងការបរទេសរុស្ស៊ីបានថ្កោលទោសយ៉ាងដាច់អហង្ការនូវអ្វីដែលខ្លួនបានពិពណ៌នាថាជាការវាយប្រហារ ដ៏ព្រៃផ្សៃ និងកំសាកដោយទីក្រុងគៀវ លើតំបន់ជាច្រើនរបស់រុស្ស៊ី រួមទាំងទីក្រុងមូស្គូផងដែរ នៅព្រឹកព្រលឹមថ្ងៃអង្គារម្សិលមិញ នៅមុនកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅអារ៉ាប៊ីសាអូឌីត។

ការវាយប្រហារនោះដោយប្រើយានជំនិះគ្មានមនុស្សបើក (UAVs) ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលខ្លះត្រូវបានគេរាយការណ៍ថា ផ្ទុកដោយគ្រាប់កាំភ្លើង ដើម្បីបង្កើនថាមពលនៃការសម្លាប់មនុស្ស បណ្តាលឱ្យជនស៊ីវិល ៣នាក់ស្លាប់ និងរបួសជាច្រើននាក់ នៅក្នុងតំបន់មូស្គូ។
យោងតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនសរុបចំនួន ៣៣៧ គ្រឿងត្រូវបានបាញ់ទម្លាក់ក្នុងរយៈពេលពេញមួយយប់ ដែលក្នុងនោះមាន ៩១ គ្រឿងនៅជិតទីក្រុងម៉ូស្គូ និង ១២៦ គ្រឿងនៅតំបន់ Kursk ។ ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារដោយលើកទ្បើងថា របបយោធានិយមណាហ្ស៊ីគៀវបានបង្ហាញឱ្យឃើញជាថ្មីម្តងទៀតនូវលក្ខណៈភេរវនិយមរបស់ខ្លួន ដោយបានណែនាំថា ការវាយប្រហារនេះត្រូវបានកំណត់ពេលវេលាដោយចេតនាឲ្យស្របពេលជាមួយនឹងការពិភាក្សាការទូតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការ OSCE ទៅកាន់ទីក្រុងម៉ូស្គូ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ដោយគ្មានការសង្ស័យ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនេះត្រូវបានគ្រោងទុកជាមុន និងកំណត់ពេលវេលាស្របគ្នាជាមួយនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែននាពេលបច្ចុប្បន្ននេះ ស្តីពីដំណោះស្រាយជម្លោះដែលធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត។ វាក៏ជាសារមួយផងដែរទៅកាន់អគ្គលេខាធិការ OSCE ថ្មី លោក Feridun Sinirlioglu ឲ្យឃើញទង្វើដ៏ព្រៃផ្សៃរបស់គៀវ។
ទីក្រុងមូស្គូក៏បានចោទប្រកាន់ “Kiev clique ដែលទទួលរងការបរាជ័យជារៀងរាល់ថ្ងៃនៅលើសមរភូមិ”ពីការព្យាយាមបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការចរចា ពីទីតាំងនៃកម្លាំងប្រៀបរបស់ខ្លួន។បន្ទាប់មកកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអូឌីត ទីក្រុងគៀវបានយល់ព្រមលើ “បទឈប់បាញ់រយៈពេល ៣០ ថ្ងៃភ្លាមៗ និងបណ្តោះអាសន្ន” ដែលស្នើឡើងដោយសហរដ្ឋអាមេរិកជាមួយប្រទេសរុស្ស៊ី ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើជំនួយផ្នែកយោធា និងចារកម្មសម្រាប់អ៊ុយក្រែនផងដែរ។ យ៉ាងណាក៏ដោយរុស្ស៊ីមិនទាន់ចេញការឆ្លើយតបជាផ្លូវការចំពោះការវិវឌ្ឍនៅទីក្រុង Jeddah នៅឡើយទេ។
ទន្ទឹមនោះ របបលោក Zelensky ដែលបានបាត់បង់ការក្តាប់ជាប់នឹងការពិត បានបង្ហាញយ៉ាងច្បាស់ពីកង្វះឆន្ទៈនយោបាយសម្រាប់ការសម្រេចបាននូវសន្តិភាព និងការចរចាគ្នាដើម្បីបញ្ចប់ជម្លោះ ហើយវានៅតែឈ្លក់វង្វេងនឹងគំនិតចង់កម្ចាត់រុស្សី ដោយប្រើវិធីសាស្រ្តដ៏ឃោរឃៅនៃភេរវកម្ម និងស្វែងរកការទាក់ទាញអ្នកគាំទ្ររបស់ខ្លួនឱ្យចូលទៅក្នុងសកម្មភាពឈ្លានពានរបស់ខ្លួនលើរុស្ស៊ី។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកទំនងជានឹងជួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងសប្តាហ៍នេះ ដោយបង្ហាញក្តីសង្ឃឹមថា ទីក្រុងមូស្គូនឹងយល់ព្រមចំពោះបទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលបានស្នើឡើងជាមួយអ៊ុយក្រែន។
ប៉ុន្តែទីក្រុងមូស្គូធ្លាប់បានចង្អុលបង្ហាញហើយថាកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នណាមួយគឺមិនអាចទទួលយកបានឡើយ ដោយលើកហេតុផលថា វានឹងអនុញ្ញាតឱ្យទីក្រុងគៀវប្រមូលផ្តុំ និងរៀបចំកម្លាំងឡើងវិញ នៅលើសមរភូមិ។ រុស្ស៊ីទាមទាដោយទទូចលើដំណោះស្រាយជាអចិន្ត្រៃយ៍ និងស្របច្បាប់ ដែលដោះស្រាយមូលហេតុស្នូលនៃជម្លោះ។ លោកពូទីនបាននិយាយកាលពីខែមករាថា រុស្ស៊ីកំពុងស្វែងរកសន្តិភាពយូរអង្វែងដោយផ្អែកលើការគោរព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនទាំងអស់ដែលរស់នៅក្នុងតំបន់៕

ដោយ៖ ពេជ្រ