ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាពស្នងការនគរបាលខេត្ត ឲ្យចុះប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៦នាក់ ដែលបង្កការអុកឡុកដល់សង្គម ហើយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីនោះ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៦នាក់ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី និងសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងអធិការនគរបាលក្រុងបានលុង ក្នុងករណីប្រើអំពើហិង្សាដោយចេតនា ដែលបានបង្កឡើងកាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។

ក្រុមក្មេងទំនើងទាំង ៦នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ រួមមាន ១-ឈ្មោះ អ៊ន លីម៉េងហាក់ អាយុ១៦ឆ្នាំ
២-ឈ្មោះ ឆោម សំអាត អាយុ១៧ឆ្នាំ
៣-ឈ្មោះ សេង រ៉ូហ្សា អាយុ១៦ឆ្នាំ
៤-ឈ្មោះ ហ៊ុន រស្មី អាយុ១៦ឆ្នាំ
៥-ឈ្មោះ វុធ វ៉ាន់ណែត អាយុ១៩ឆ្នាំ
និង៦-ឈ្មោះ អ៊ន ផានិត អាយុ១៦ឆ្នាំ។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន: ដុំថ្មមួយចំនួនធំ និងម៉ូតូចំនួន៣គ្រឿងដែលបានជិះធ្វើសកម្មភាពដេញគប់គ្នាប្រសេកប្រសាចនៅកណ្តាលក្រុងបានលុង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕







