ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិក ទើបតែបាន លុបចោលការផ្អាកលើការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនប៉ុណ្ណោះ។

ទន្ទឹមនោះលោកក៏បានសម្តែងការរំពឹងទុកផងដែរជុំវិញកិច្ចចរចានាពេលខាងមុខសម្រាប់បទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី។ នេះបើតាមអ្វីដែលលោក Trump បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ។
សហរដ្ឋអាមេរិកបានបញ្ឈប់ការចែករំលែកព័ត៌មានសម្ងាត់ជាមួយទីក្រុង Kyiv បន្ទាប់ពីកិច្ចប្រជុំកំពូលរវាង Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីខែមុន ដែលបានអភិវឌ្ឍទៅជាការផ្លាស់ប្តូរដ៏ក្តៅគគុក។
មន្ត្រីអាមេរិកនិងអ៊ុយក្រែនគ្រោងនឹងជួបគ្នានៅអារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារនេះម្តងទៀត។ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសថារដ្ឋមន្ត្រីការបរទេស Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz គ្រោងនឹងចូលរួមនៅក្នុងជំនួបថ្មីនោះ។
លោក Zelenskyy ក៏បាននិយាយដែរថា គណៈប្រតិភូអ៊ុយក្រែននឹងរួមបញ្ចូលរដ្ឋមន្ត្រីការបរទេសលោក Andrii Sybiha និងប្រធានការិយាល័យប្រធានាធិបតីលោក Andriy Yermak ដែលនឹងចូលរួមក្នុងការពិភាក្សានោះ។
លោក Trump បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចប្រជុំនេះដោយនិយាយថា អ៊ុយក្រែននឹងមានលទ្ធផលល្អខ្លះចេញពីការពិភាក្សានៅអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍នេះ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលនិយាយថា គណៈប្រតិភូអាមេរិកគ្រោងនឹងកំណត់ពីលក្ខខណ្ឌខ្លះៗនៅកិច្ចប្រជុំនេះ រួមមានថា តើអ៊ុយក្រែនមានការប្តេជ្ញាចិត្តយ៉ាងណាចំពោះការកែលម្អទំនាក់ទំនងជាមួយរដ្ឋបាល Trump ហើយប្រសិនបើប្រទេសនេះត្រៀមខ្លួនដើម្បីធ្វើសម្បទានដើម្បីបញ្ចប់ការប្រយុទ្ធ៕

ដោយ៖ ពេជ្រ