ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា បណ្តាប្រទេសនៅអឺរ៉ុប មិនដឹងពីរបៀបក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែនទេ ។

នៅពេលសួរថាហេតុអ្វីបានជាបណ្តាប្រទេសនៅអឺរ៉ុបមិនស្នើជម្រើសជាក់លាក់សម្រាប់ការដោះស្រាយជម្លោះ មេដឹកនាំអាមេរិករូបនេះ ឆ្លើយថា ពេលខ្លះសំណួរមិនអាចឆ្លើយបាន ។
លោក Trump បានកត់សម្គាល់ថា ពួកគេស្ថិតក្នុងស្ថានភាពមិនធម្មតា។ ពួកគេមិនដឹងពីរបៀបបញ្ចប់សង្រ្គាមទេ ។
លោក បន្តថា លោក តែងតែមានទំនាក់ទំនងល្អជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយបន្ថែមថា លោក ពូទីន ចង់បញ្ចប់សង្រ្គាម ហើយខ្ញុំគិតថាលោក មានចិត្តសប្បុរសជាងអ្វីដែលលោកត្រូវធ្វើ ។
ទន្ទឹមនោះ លោក ពូទីន បានពិភាក្សាអំពីទស្សនវិស័យសម្រាប់ការដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែន ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ លោក Trump កាលពីថ្ងៃទី ១២ ខែកុម្ភៈ ផងដែរ។
យោងតាមវិមានក្រឹមឡាំង មេដឹកនាំអាមេរិក បានអំពាវនាវឱ្យបញ្ចប់សកម្មភាពយោធាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដោះស្រាយបញ្ហាតាមរយៈមធ្យោបាយសន្តិវិធី។
លោក ពូទីន ក៏បានគូសបញ្ជាក់ពីតម្រូវការក្នុងការលុបបំបាត់មូលហេតុដើមនៃជម្លោះ។ លោក ក៏បានយល់ស្របជាមួយប្រធានាធិបតីអាមេរិកថា ដំណោះស្រាយរយៈពេលវែងអាចសម្រេចបានតាមរយៈការចរចាសន្តិភាព។
ដោយឡែក កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក ពូទីន បានចង្អុលបង្ហាញថា បណ្តាប្រទេសអ៊ឺរ៉ុបអាចរួមចំណែកក្នុងការពិភាក្សាអំពីអ៊ុយក្រែន ប៉ុន្តែមិនអាចចូលជ្រៅពេកទេ។ លោកពូទីន បានបន្ថែមថា ទីក្រុងមូស្គូ ពិភាក្សាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែពួកគេជ្រើសរើសការកាត់ផ្តាច់ទំនាក់ទំនង ៕

ដោយ៖ ពេជ្រ