ខេត្តរតនគិរី៖ លោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានលើកឡើងថា គោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិត ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជន ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស ហើយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ភាពក្រីក្រគឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ច ដែលមិនអាចត្រឹមតែទទួលយកបានផ្នែកផ្លូវចិត្តប៉ុណ្ណោះនោះទេ ប៉ុន្តែវាអាចបណ្ដាលឱ្យមានការបែកបាក់សាមគ្គីភាព និងស្ថិរភាពក្នុងសង្គមថែមទៀត។
ការលើកឡើងបែបនេះរបស់ លោក សយ សូណា គឺបានធ្វើឡើងក្ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីចែកពូជដំណាំនិងសម្ភារកសិកម្មមួយចំនួនពីអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូសកម្មភាព ឌី ភីអេ (DPA) ដល់សហគមន៍កសិកម្មបន្លែគ្រប់មុខ នៅសាលាស្រុកកូនមុំ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ក្នុងឱកាសនោះ លោក ប្រធានមន្ទីរ បានមានប្រសាសន៍ថា ក្នុងអាណត្តិនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដោតសំខាន់ទៅលើការងារកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីពង្រីកជីវភាពសង្គមគ្រួសារនិងអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកប្រធានមន្ទីររូបនេះបន្តថា បច្ចុប្បន្នក្នុងនាមមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ កំពុងបន្តពង្រឹងសកម្មភាពយន្តការដែលមានស្រាប់ ហើយសហការពង្រីកបន្ថែមនៅកិច្ចអន្តរាគមន៍ ក្នុងការផ្ដល់សេវាបច្ចេកទេសដាំដុះ និងកម្មវិធីចុះតាមមូលដ្ឋានដល់សហគមន៍បន្លែ ឲ្យកាន់តែទូលំទូលាយពិសេស ការចុះព្រឹក្សាយោបល់ជាមួយសហគមន៍បណ្ដុំបន្លែ ដើម្បីស្វែងយល់អំពីស្ថានភាពដំណាំ និងការប្រើប្រាស់បច្ចេកទេសក្នុងការដាំដុះដំណាំគ្រប់ប្រភេទ ដើម្បីផ្ដល់ចំណេះដឹងដល់ពួកគាត់ ពេលអនុវត្តទទួលបានផលល្អប្រសើរ។
ជាមួយគ្នានោះដែរ លោក ញឹម សុវណ្ណារី អនុប្រធាន គម្រោងខេត្តរតនគិរីបានឲ្យដឹងថា គម្រោងរបស់អង្គការឌីភីអេ បានចែកម៉ាស៊ីនបូមទឹកនិងពូជដំណាំជូនដល់ប្រជាពលរដ្ឋដែលជាបណ្ដុំសហគមន៍ដាំដំណាំកសិកម្មចំនួន ៤លើកហើយ ដែលមានម៉ាស៊ីនបូមទឹកជិត ២០០ គ្រឿងចែកជូនពួកគាត់។ ហើយគម្រោងទទួលបានការគាំទ្រថវិការ ពីរដ្ឋាភិបាល ញូសេឡេន និង អង្គការការីតាសញូសេឡេនតាមរយៈអង្គការ ឌី ភី អេ (DPA )ប្រចាំកម្ពុជា ដែលមានរយៈពេល ៥ ឆ្នាំ ( ដែលមានឈ្មោះថាគម្រោងជីវិតរីកចម្រើន ) អនុវត្តចំនួន ៣ ខេត្ត មានខេត្ត មណ្ឌលគិរីរតនគីរី និង ខេត្តព្រះវិហារ។
មកដល់ពេលនេះ គម្រោងបានអនុវត្តបានរយៈពេល ៤ឆ្នាំ និងបញ្ចប់នៅក្នុងខែមិថុនាឆ្នាំ ២០២៦ ដែលមានអ្នកទទួលផលសរុប ៧២០០នាក់។ ជាក់ស្ដែងនៅក្នុងថ្ងៃនេះផ្ទាល់ គឺជាលើកទី ៤ហើយដែលអង្គការ ឌី ភី អេ ( D PA)បាននាំយកនៅពូជដំណាំចំនួន ៩ មុខ និង ម៉ាស៊ីនបូមទឹកចំនួន ៣២ គ្រឿងចែកជូនបងប្អូនប្រជាពលរដ្ឋ ៣៧ គ្រួសារក្នុងក្រុមដំណាំបន្លែដែលមក ពីភូមិចំនួន១៣ ភូមិ ៨ ឃុំ ស្រុកចំនួន ៣ មាន ស្រុក កូនមុំ ស្រុកលំផាត់ និងស្រុកអូរជុំ៕