មនុស្សយ៉ាងហោចណាស់ ១២ នាក់ស្លាប់ រួមទាំងមន្ត្រីអនុវត្តច្បាប់ នៅក្នុងការប៉ះទង្គិចគ្នា អំឡុងពេលបាតុកម្មដែលរៀបចំឡើងដោយគណបក្សប្រឆាំង Pakistan Tehreek-e-Insaf (PTI ឬ Movement for Justice) ក្នុងទីក្រុង Islamabad ។ នេះបើយោងតាមទូរទស្សន៍ក្នុងស្រុក Geo TV បានរាយការណ៍។

យោងតាមរបាយការណ៍ បានឲ្យដឹងថា ភ្នាក់ងារអនុវត្តច្បាប់ប៉ាគីស្ថាន កំពុងព្យាយាមបញ្ឈប់ក្រុមបាតុករពីការចូលទៅកាន់ទីប្រជុំជនក្រុង Islamabad និងទប់ស្កាត់ភាពចលាចលនេះ។
ទន្ទឹមនោះ មនុស្សស្លាប់សរុបចំនួន ១២ នាក់ ត្រូវបានរាយការណ៍ ខណមន្ត្រីប៉ូលិសជាង ១០០ នាក់ រងរបួស ក្នុងភាពចលាចលនេះ ។
ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានថ្កោលទោសការវាយប្រហារលើមន្ត្រីអនុវត្តច្បាប់ ដោយសង្កត់ធ្ងន់លើការកាត់ទោស អ្នកដែលនៅពីក្រោយរឿងនេះ។
គួរបញ្ជាក់ថា គណបក្ស PTI បានចាប់ផ្តើមការតវ៉ាទូទាំងប្រទេស នៅថ្ងៃទី ២៤ ខែវិច្ឆិកា ដោយព្យាយាមធ្វើឱ្យរដ្ឋាភិបាលសហព័ន្ធ លុបចោលវិសោធនកម្មរដ្ឋធម្មនុញ្ញដែលអនុម័ត កាលពីខែតុលា ដោយពិនិត្យមើលលទ្ធផលនៃការបោះឆ្នោតសភាខែកុម្ភៈ និងដោះលែងអ្នកទោសនយោបាយ រួមទាំងលោក Imran Khan ស្ថាបនិកគណបក្ស និងជាអតីតនាយករដ្ឋមន្ត្រីផងដែរ ៕

ដោយ៖ ពេជ្រ