កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបើកសន្និបាត បូកសរុបលទ្ធផលការងារ និងថវិកាសាខារយៈពេល៦ឆ្នាំ២០១៩-២០២៥ និងលើទិសដៅបន្ត

បន្ទាយមានជ័យ៖នៅខេត្តបន្ទាយមានជ័យមានបើកអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជា អាណត្តិទី៦ ដើម្បីបូកសរុបលទ្ធផលការងារ និងថវិកាសាខារយៈពេល៦ឆ្នាំ២០១៩-២០២៥ និងលើទិសដៅបន្ត ។ សន្និបាតធ្វើទ្បើងនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នាព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោម អធិបតីភាព លោកជំទាវ ពុំ  ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជា ខេត្តបន្ទាយមានជ័យ អាណត្តិទី៥ រដ្ឋបាល ក្រុង ស្រុក អង្គភាពទាំង៣ យុវជនស្ម័គ្រចិត្តកាកបាទក្រហម និងអ្នកពាក់ ព័ន្ធជាច្រើននាក់។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា  បានបង្កើតឡើងនៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ១៩៥៥ ហើយត្រូវបានគណៈកម្មាធិការ អន្តរជាតិកាកបាទក្រហម អាយ.ស៊ី.អរ.ស៊ី ទទួលស្គាល់ ជាសមាគមជាតិទី៨៥ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៦០ និងត្រូវបានបញ្ចូល សមាជិករបស់សហព័ន្ធអន្តរជាតិ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ១៩៦០។

លោក អ៊ុំ រាត្រីបានបន្តឲ្យដឹងទៀតថា សាខាកាកបាតក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានធ្វើឲ្យកាកបាទក្រហមកម្ពុជាបំពេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ របស់ខ្លួនគឺជា សមាគមជាតិដ៏ធំជាងគេក្នុងវិស័យមនុស្សធម៌ ជួយជនរងគ្រោះ និងជនងាយរងគ្រោះ ដោយផ្ដល់ការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ការអប់រំសុខភាព និងលើកកម្ពស់តម្លៃមនុស្សធម៌។

លោក អ៊ុំ រាត្រី បានឲ្យដឹងទៀតថា សាខាកាកបាទក្រហកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលជាសាខាមួយក្នុង ចំណោមសាខាទាំង២៥ រាជធានី ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយ មានជ័យ អាណត្តិទី៦ ក្នុងគោលបំណងធ្វើការបូកសរុបលទ្ធផលការងារ និងថវិកាសាខារយៈពេល៦ឆ្នាំ២០១៩-២០២៥និងលើកទិសដៅសកម្មភាព និងថវិកា៦ឆ្នាំខាងមុខ២០២៥-២០៣០ ពិសេស គឺការបោះឆ្នោត ជ្រើសរើសគណៈកម្មាធិការសាខា អាណត្តិទី៦ ក៏ដូចជាទទួលយកនូវអនុសាសន៍ដ៏មានខ្លឹមសារ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជាគតិបំភ្លឺស្មារតី ជាត្រីវិស័យតម្រង់ទិសសកម្មភាព របស់សាខាអោយសម្រេចបានជោគជ័យថ្មីបន្ថែមទៀត។

លោកជំទាវ ពុំ ចន្ធីនី  មានប្រសាសន៍ថា សាខាកាកបាតក្រហមកម្ពុជាឈ្មោះដើមហៅថា សមាគមន៍ជាតិកាកបាទក្រហមខ្មែរ បង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ១៩៥៥ក្នុងគោលបំណងជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះថ្នាក់ធម្មជាតិជាយថាហេតុ។សកម្មភាពមនុស្សធម៍ទាំងអស់នេះគឺបានអនុវត្តដោយប្រតិបត្តិប្រចាំឆ្នាំទៅលើវិស័ស្នូលទាំង៤មាន ១-វិស័គ្រប់គ្រងគ្រោះមហត្តរាយ ២-វិស័យសុខាភិបាលនិងថែទាំងសុខភាពក្នុងសហគមន៍ ៣-វិស័យលើកកំពស់គោលការណ៍គ្រោះមហន្តរាយ និងតំលែមនុស្សធម៍ ៤ -វិស័យអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍធនធានមនុស្សបានផ្តល់មនុស្សធម៍ជូនដល់ប្រជាពលរដ្ឋដល់ជនរងគ្រោះជួយដល់ប្រជាពលរដ្ឋជួបកាលំបាកក្រីក្រ ទុរគតជនមានជម្ងឺរាំរ៉ៃ ជនពិការ អ្នកលង់ទឹក ឧបទ្ទវហេតុ ផ្សេងៗទៀត។

លោកជំទាវពុំ  ចន្ធីនី ក៏បានថ្លែងការកោតសរសើរផងដែរដល់បុគ្គលិកសាខាកាកបាទក្រខេត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងជួយដល់សង្គមជាតិជាច្រើនដូចជាការ ជួយសង់ផ្ទះជួយប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង អំណោយសង្គ្រោះបន្ទាន់ ផ្តល់ទីជំរកជូនដល់គ្រួសារឈឺធ្ងន់ ចុះសួរសុខទុក្ខដល់អ្នកកើតអេដស៍ កុមារកំព្រា លើកកំពស់សុខភាពមាតា ទារក សម្រាប់ផ្តល់សេវាមនុស្សធម៍ដើម្បីជួយសម្រួលការលំបាក់របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរនៅមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

បញ្ចប់កម្មពិធីអង្គសន្និបាតបានសម្រេចធ្វើការបោះឆ្នោតជ្រើសរើសគណះកម្មាធិការថ្មីមួយដែលត្រូវបន្តវេនធ្វើអភិបាលកិច្ចល្អសម្រាប់អាណត្តិទី៥ ឆ្នាំ២០២៥ដល់ឆ្នាំ២០៣០ក្នុងនោះមានអ្នកឈរឈ្មោះ ១៥រូប ហើយក្នុងការបោះឆ្នោតនោះ លោក អ៊ុំ រាត្រី បានជាប់ជាប្រធានគណៈកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយជ័យលោក បឹង គឹមសឹង ជាអនុ ប្រធាន គណះកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយជ័យ លោក ឃួនវុទ្ធី ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយជ័យ៕

Written by 

Related posts

Leave a Comment