ដោយស្មារតីយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាកសិករ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាកសិករ ព្រមទាំងពិនិត្យមើលស្ថានភាពទឹក និងការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាជននៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាកសិករព្រមទាំងបានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាជនឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
សូមជំរាបថា ក្នុងឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម គឹម វាសនា នាយកខុទ្ទកាល័យ ឯកឧត្តមតំណាងគណៈអភិបាលខេត្ត លោកប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណៈអភិបាលស្រុក និងសមាជិកក្រុមការងារជាច្រើនរូបទៀត។
ប្រជាកសិករបានសម្តែងនូវក្តីសប្បាយរីករាយដោយឃើញថ្នាក់ដឹកនាំ អ្នកតំណាងរាស្ត្រ មន្ត្រីគ្រប់ថ្នាក់បានចុះសួរសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះការងារបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ ដែលផ្តល់ភាពកក់ក្តៅ និងលើកទឹកចិត្តដល់ពួកគាត់កាន់តែខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការងារបង្កបង្កើនផល ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ៕







