ក្រុមហ៊ុនមកពីប្រទេសចិនបានដាក់ទុនវិនិយោគតម្លៃ​ ៦០លានដុល្លារធ្វើការសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៥ នៅក្នុងក្រុងបាវិត ខេត្ដស្វាយរៀង

ខេត្តស្វាយរៀង៖នៅក្រុងបាវិតមានក្រុមហ៊ុន YUNYA Hotel Co., Ltd ដែលមានមូលដ្ឋាននៅប្រទេសចិន បានសម្រេចបោះទុនវិនិយោគចំនួន ៦០ លានដុល្លារ ដើម្បីធ្វើការសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៥ នៅក្នុងក្រុងបាវិត ខេត្ដស្វាយរៀង។ ខណៈនៅពេលបើកដំណើរការសណ្ឋាគារនេះក៏នឹងបង្កើតឱកាសការងារជាច្រើនកន្លែងជូនពលរដ្ឋផងដែរ។

លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង បានឲ្យដឹងអោយដឹងកាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៥ថ្មីៗនេះថា គម្រោងវិនិយោគសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ នេះ មាន២៨០បន្ទប់ ៧០វីឡា មានភោជនីយដ្ឋាន ស្ទីម​សូណា ផ្សារទំនើប នឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះនៅលើទឹកដី​ ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

​លោកបន្ដថា កន្លងមកក្រុមការងារអន្តរក្រសួងដឹកនាំដោយ​ ឯកឧត្តម​ នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណ:កម្មាធិការវិនិយោគ​កម្ពុជា​ បានចុះពិនិត្យទីតាំងគម្រោងស្នើសុំវិនិយោគ សាងសង់​ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ របស់ក្រុមហ៊ុន YUNYA Hotel Co., Ltd ក្រោមទុនវិនិយោគជាង ៦០លានដុល្លាអាមេរិក ដែលមាន​លោក​SHEN LeiLei មកពីខេត្តជើជាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជាម្ចាស់ភាគហ៊ុន។ តាមរយៈគម្រោងវិនិយោគនេះអាចបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋជាង៥០០កន្លែង នេះជាការរួមចំណែកយ៉ាងធំធេងក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។

សូមជម្រាបថា ខេត្ដស្វាយរៀង គឺជាខេត្ដមួយដែលកំពុងមានសក្ដានុពល និងបានកំពុងស្រូបទាញការវិនិយោគជាច្រើនទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្ដែងយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៥ នេះ ខេត្ដស្វាយរៀងទទួលបានគម្រោងវិនិយោគថ្មីសរុបចំនួន ៦៨ ក្នុងចំណោមគម្រោងវិនិយោគសរុប ២៩០ ដែលកម្ពុជាទទួលបាន៕គឹមសេង

Written by 

Related posts

Leave a Comment