ក្រុមហាម៉ាស់ប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅហ្គាហ្សា បានប្រកាសថា ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់ទាំងអស់ ។

ក្រុមនេះ បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដែលបង្ហាញពីជំហររបស់ខ្លួនក្នុងដំណាក់កាលទី ២ នៃការចរចាស្តីពីបទឈប់បាញ់ នៅតំបន់ហ្គាហ្សាស្ទ្រីប។
ក្រុមនេះ បានស្នើឱ្យដោះដូរអ្នកជាប់ឃុំឃាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ទាំងអស់ដូចគ្នានៅក្នុងដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ក្នុងគោលបំណងឈានដល់បទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកអ៊ីស្រាអែលពេញលេញ ។
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Mohammed bin Abdulrahman Al Thani ក៏បានលើកឡើងថា អរគុណចំពោះការសម្រុះសម្រួលដែលនាំឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ឈានដល់កិច្ចព្រមព្រៀងមួយដើម្បីអនុវត្តបទឈប់បាញ់នៅហ្គាហ្សា និងដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួន នៅក្នុងឡោមព័ទ្ធ។ កិច្ចព្រមព្រៀងដែលរួមមាន ៣ ដំណាក់កាល បានចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា ។ ក្នុងដំណាក់កាលដំបូងរយៈពេល ៤២ ថ្ងៃនៃកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស់ត្រូវដោះលែងចំណាប់ខ្មាំង ៣៣ នាក់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនពីការឃុំឃាំងរបស់អ៊ីស្រាអែល ៕

ដោយ៖ ពេជ្រ